(វ៉ាស៉ីនតោន)៖ អនាគតបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ក៏ដូចជារដ្ឋធានីអឺរ៉ុបមួយចំនួនទៀតនៅដើមខែមករា ខណៈរដ្ឋបាលបន្ទាប់អាមេរិកព្យាយាមបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ឱ្យបានឆាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ ២០២៤។
ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថា លោក Keith Kellogg មន្រ្តីចូលនិវត្តន៍ដែលកំណត់ថានឹងក្លាយជាបេសកជនពិសេសរបស់ លោក ត្រាំ ប្រចាំអ៊ុយក្រែន និងរុស្ស៉ីនោះ មិនមានគម្រោងទៅកាន់ទីក្រុងមូស្គូឡេីយអំឡុងទស្សនកិច្ចខាងមុខនេះ។ លោកនឹងទៅសួរសុខទុក្ខមេដឹកនាំជាន់ខ្ពស់ក្នុងទីក្រុងកៀវ ហើយក្រុមការងាររបស់លោក ក៏កំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំនៅរដ្ឋធានីអឺរ៉ុបផ្សេងទៀត ដូចជាទីក្រុងរ៉ូម និងទីក្រុងប៉ារីសជាដើម។
កិច្ចប្រជុំនានាត្រូវបានគេរំពឹងថា នឹងផ្តោតលើការស្វែងរកការពិតក្នុងនាមរដ្ឋបាល លោក ត្រាំ ដែលបានដាក់ផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ អ្នកតំណាងរបស់លោក ត្រាំ មិនបានធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំដែលគ្រោងទុកនោះទេ ប៉ុន្តែនិយាយថា ការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅតែជាអាទិភាពមួយសម្រាប់ប្រធានាធិបតីជាប់ឆ្នោត។ ខាងតំណាងស្ថានទូតអ៊ុយក្រែន និងអ៉ីតាលីប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ខណ:តំណាងស្ថានទូតបារាំងក៏មិនអាចទាក់ទងបានភ្លាមៗនោះដែរ។
គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់សន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រឹមរយៈពេល ម៉ោងក្រោយលោកចូលកាន់តំណែង។ អតីតមន្ត្រីស៊េីបសម្ងាត់ និងសន្តិសុខជាតិបានសម្តែងការងឿងឆ្ងល់ថា ស្នាដៃបែបនេះអាចសម្រេចបានលុះត្រាតែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន យកតែហេតុផលតិចតួចមកកាន់តុចរចា ឬយ៉ាងហោចណាស់ធ្វេីតាមលក្ខខណ្ឌដែលអាចទទួលយកបានពីទីក្រុងកៀវ៕