(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដា បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា នឹងពង្រីកការពន្ធលើទំនិញមួយចំនួន ដែលនាំចូលពីប្រទេសចិន ចាប់ពីដើមឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋាភិបាលបានបញ្ជាក់ថា ការដាក់ពន្ធនេះគឺដើម្បីការពារឧស្សាហកម្មក្នុងស្រុក និងទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់ ពីសំណាក់ប្រទេសចិន។ ផលិតផលដែលនឹងរងការដាក់ពន្ធ រួមមាន ផលិតផលថាមពលព្រះអាទិត្យ សារធាតុរ៉ែសំខាន់ៗ និងឧបករណ៍អេឡិចត្រូនិច។
គួរបញ្ជាក់ថា រដ្ឋាភិបាលកាណាដា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី Justin Trudeau បានដំឡើងពន្ធ ១០០% លើរថយន្តអគ្គិសនី និង ២៥% លើផលិតផលដែក និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសចិន។
ការប្រកាសពង្រីកការដាក់ពន្ធនេះ ត្រូវបានគេមើលឃើញថា អាចជាយុទ្ធសាស្រ្តមួយរបស់រដ្ឋាភិបាលកាណាដា ដើម្បីបង្ហាញដល់សហរដ្ឋអាមេរិកថា កាណាដាកំពុងតែចាត់វិធានការដើម្បីទប់ទល់នឹងចិន។ នេះអាចជួយកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្ម រវាងកាណាដា និងសហរដ្ឋអាមេរិក ខណៈដែលលោក ដូណាល់ ត្រាំ បានសន្យាថានឹងដាក់ពន្ធ ២៥% លើទំនិញមកពីប្រទេសកាណាដា៕