(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងបង្កើតទំនាក់ទំនងជាមួយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី និងបើកគណៈប្រតិភូរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas បាននិយាយនៅក្នុងសភាអឺរ៉ុប កាលពីថ្ងៃអង្គារថា «យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកគណៈប្រតិភូរបស់យើងឡើងវិញ ដែលជាស្ថានទូតអឺរ៉ុប ហើយយើងចង់ឱ្យដំណើរការនេះដំណើរការពេញលេញម្តងទៀត»

លោកស្រី Kallas បានបន្ថែមថា សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់ស៊ីរី ដោយជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលដែលមានលក្ខណៈរួមបញ្ចូលគ្រប់ភាគី និងការអត់ឱន។

ចំណែកឯ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានប្រកាសថា EU នឹងបង្កើនជំនួយមនុស្សធម៌ដល់ស៊ីរី និងជួយស្ដារឡើងវិញនូវសេវាមូលដ្ឋាន ដូចជាថាមពល ទឹក និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ទោះជាយ៉ាងណា លោកស្រីក៏បានព្រមានពីហានិភ័យ នៃការកើតឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី៕