(វ៉ានូអាទូ)៖ ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារទីក្រុង Port Vila រដ្ឋធានីនៃប្រទេសវ៉ានូអាទូ កាលពីថ្ងៃអង្គារ ដោយបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ម្នាក់ និងខូចខាតអគារនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទូរទស្សន៍រដ្ឋ VBTC មនុស្សម្នាក់បានស្លាប់ដោយសារការដួលរលំអគារសង្កត់ពីលើ។ ផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏រងការខូចខាតផងដែរ។ ស្ថានទូតបរទេសមួយចំនួន រួមទាំងស្ថានទូតអាមេរិក អង់គ្លេស បារាំង និងនូវែលសេឡង់ ក៏រងការខូចខាតផងដែរ។
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ បានចេញការព្រមាន ប៉ុន្តែក្រោយមក បានលុបចោលការព្រមាននេះវិញ។ ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជំនួយដល់ប្រទេសវ៉ានូអាទូ។ ការរញ្ជួយដីនេះបានបង្កការព្រួយបារម្ភអំពីសុវត្ថិភាពនិងស្ថិរភាពនៅក្នុងប្រទេសវ៉ានូអាទូ ដែលជាប្រទេសកោះតូចមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក៕