(ប៉េកាំង)៖ នៅលើពិភពលោក មានមហាតំបន់ឈូងសមុទ្រចំនួនតែ ៤ ដែលត្រូវសម្គាល់ថាជាតំបន់សេដ្ឋកិច្ចពិភពលោក ដែលជឿនលឿនបំផុត បើកទូលាយបំផុតនិងរស់រវើកបំផុត។ ក្នុងនោះមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវរបស់ប្រទេសចិន មានទំហំធំជាងគេ គឺ ៥ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈពិសេសជាងគេ ពោលគឺ អនុវត្តគោលនយោបាយប្រទេសមួយ-ប្រព័ន្ធគ្រប់គ្រងពីរ មានតំបន់ពន្ធគយចំនួនបី បានបង្កើតគំរូដំបូងបង្អស់នៅលើពិភពលោក។

មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ បានបើកទូលាយមុនគេក្នុងប្រទេសចិន កម្រិតបើកទូលាយខ្លាំងបំផុត ក្នុងប្រទេសចិន ជាតំបន់ដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយ របស់ចិន។ ការកសាងតំបន់នេះ ជាយុទ្ធសាស្ត្រជាតិចិន ដែលកំណត់ លើកឡើងនិងជំរុញដោយលោក Xi Jinping ប្រធានរដ្ឋចិន។ រយៈពេលប្រាំឆ្នាំកន្លងទៅនេះ តំបន់នេះបានខិតខំច្នៃប្រឌិតថ្មី នៃវិស័យវិទ្យាសាស្ត្រ បានក្លាយជាកន្លែងគំរូ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងជាកន្លែងនាំមុខធ្វើទំនើបកម្ម តាមបែបផែនចិន។

មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ មានទំហំសេដ្ឋកិច្ចសរុបបានលើសពី ១៤ទ្រីលានយាន់។ គិតត្រឹមពេលនេះ ទីនេះមានបណ្តុំឧស្សាហកម្មទំហំផលិតកម្មលើសពី ១ទ្រីលានយាន់ចំនួន ៨ដែលផ្តោតលើវិស័យ ព័ត៌មានវិទ្យាជំនាន់ថ្មី គីមីបៃតង ឧបករប្រើប្រាស់ក្នុងផ្ទះបែបវៃឆ្លាត និងរថយន្តជាដើម។

ក្នុងចំណោមនិមិត្តសញ្ញាសម្បូរបែបនៃវប្បធម៌ចិន ការឡកម៉ុងសាយ ការប្រណាំងទូកងរ ល្ខោនចិនកាតាំង ទឹកតែត្រជាក់ ក្បាច់គុនយ៉ុងឈុនជាដើម ប្រភពគឺ មកពីមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ។ សកម្មភាពវប្បធម៌ទាំងនេះបានបង្កប់ នូវតម្រិះប្រាជ្ញាប្រពៃណីចិនស្តីពីមនុស្ស និងធម្មជាតិរួមរស់ ជាមួយគ្នាដោយសុខដុមរមនា ដែលបង្ហាញពីការតស៊ូព្យាយាមរបស់ ប្រជាជាតិចិន ជាពិសេសគឺស្មារតីប្រណាំងទូកងរដែលតស៊ូឆ្ពោះទៅមុខរហូត គឺត្រូវបានបន្តវេនយ៉ាងល្អពីបុរាណដល់សព្វថ្ងៃនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន