Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក៖ មនុស្ស២នាក់ស្លាប់ និង៦នាក់រងរបួស ក្នុងករណីបាញ់ប្រហារនៅសាលារៀន ក្នុងរដ្ឋ Wisconsin, ខ្មាន់កាំភ្លើងអាយុ១៥ឆ្នាំ បាញ់សម្លាប់ខ្លួនឯងតាមក្រោយ

17-12-2024 15:20

(វ៉ាស៉ីនតោន)៖ ប៉ូលិសនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានធ្វើសកម្មភាព​បាញ់ប្រហារ នៅសាលារៀនមួយកន្លែង នៃរដ្ឋ Wisconsin ជាហេតុបណ្តាលឱ្យកូនសិស្សម្នាក់ និងគ្រូបង្រៀនម្នាក់ បាត់បង់ជីវិត រីឯមនុស្ស៦នាក់ទៀត បានរងរបួស ហើយក្រោយមក ខ្មាន់កាំភ្លើងវ័យក្មេងរូបនោះ ក៏បាញ់សម្លាប់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ហេតុការណ៍ខាងលើបានកើតឡើង នៅសាលសិក្សាចម្រុះថ្នាក់ ក្នុងសាលារៀនឈ្មោះ Abundant Life Christian School ដែលមានសិស្សសរុប៤២០នាក់ ចាប់ពីថ្នាក់មុនមត្តេយ្យ រហូតដល់ថ្នាក់ទី១២។ ក្មេងស្រីជាខ្មាន់កាំភ្លើង គឺជាសិស្សនៅសាលានោះផ្ទាល់ ហើយមានឈ្មោះថា Natalie Rupnow ហៅក្រៅថា Samantha។

បើតាមការអះអាងរបស់ប៉ូលិស កូនសិស្សថ្នាក់ទី២ ដែល​ជាទូទៅមានអាយុ៧-៨ឆ្នាំ ជាអ្នកដែលបានហៅខ្សែទូរស័ព្ទបន្ទាន់ 911 ដើម្បីរាយការណ៍អំពី ករណីបាញ់ប្រហារ នៅសាលាខាងលើ។ កូនសិស្សវ័យជំទង់ម្នាក់ ព្រមទាំងគ្រូបង្រៀនម្នាក់ បានស្លាប់។ រីឯសិស្ស២នាក់ទៀត បានរងរបួសធ្ងន់ ខណៈគ្រូម្នាក់ និងសិស្ស​៣នាក់ផ្សេងទៀត បានរងរបួសដែរ ប៉ុន្តែមិនសូវធ្ងន់ធ្ងរ នោះទេ។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារនៅសាលារៀន គឺជារឿងដែលកើតមានឡើងជាញឹកញាប់ នៅសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំនេះ មានការបាញ់ប្រហារនៅសាលារៀន សរុបយ៉ាងហោច៣២២ករណី ត្រូវបានកំណត់ត្រា។ វាគឺជាតួលេខខ្ពស់បំផុតទី២ គិតតាំងពី​ឆ្នាំ១៩៦៦ ខណៈឆ្នាំមុនដែលមានចំនួន៣៤៩ករណី គឺជាកំណត់ត្រាខ្ពស់ជាងគេបង្អស់៕