(កូប៉ិនហាក)៖ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ប្រទេសន័រវែស បានប្រកាសថា ខ្លួននឹងផ្តល់ថវិកាចំនួន ២.៧ពាន់លានក្រោន ឬស្មើនឹង​២៤២លានដុល្លារអាមេរិក ដើម្បីពង្រឹងកងទ័ពជើងទឹករបស់អ៊ុយក្រែន ហើយជួយទីក្រុងកៀវទប់ទល់ កងកម្លាំងជើងទឹករបស់រុស្ស៉ី នៅតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលន័រវែស បាននិយាយថា មួយចំណែកធំនៃថវិកាខាងលើ នឹងផ្តោតទៅលើនវានុវត្តន៍ និងស្វ័យភាព ក្រោមយន្តការហៅថា Maritime Capability Coalition ដែលន័រវែសនិងចក្រភពអង់គ្លេស បានផ្តួចផ្តើមឡើងកាលពីឆ្នាំទៅមិញ ក្នុងគោលដៅចម្បង ជួយធ្វើឱ្យកងកម្លាំងជើងទឹករបស់អ៊ុយក្រែន មានភាពស៉ីចង្វាក់គ្នាជាងមុន ជាមួយទ័ពជើងទឹករបស់ក្រុមលោកខាងលិច។

នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Stoere បាននិយាយដូច្នេះថា «វាគឺជារឿងចាំបាច់ ក្នុងការការពារប្រជាជន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ពីការវាយប្រហាររបស់ កងកម្លាំងជើងទឹករុស្ស៉ីប្រចាំសមុទ្រខ្មៅ។ វាក៏ជារឿងចាំបាច់ផងដែរ ក្នុងការការពារការនាំចេញតាមផ្លូវសមុទ្រ នូវគ្រាប់ធញ្ញជាតិនិងផលិតផលដទៃទៀត ដែលជាប្រភពចំណូលដ៏សំខាន់ សម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា ការគាំទ្រខាងលើ រួមមានទាំង ការបរិច្ចាគពីកងកម្លាំងប្រដាប់អាវុធន័រវែសផ្ទាល់ ព្រមទាំងបរិក្ខារយោធា ដែលនឹងត្រូវទិញមកពី ក្រុមហ៊ុនឧស្សាហកម្មផលិតអាវុធ ដើម្បីបរិច្ចាគតាមក្រោយ ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ថវិកាជំនួយនោះ ក៏នឹងត្រូវប្រើប្រាស់ផងដែរ សម្រាប់ប្រតិបត្តិការបោសសំអាតមីន និងការបណ្តុះបណ្តាលទាហានអ៊ុយក្រែន៕