(មូស្គូ)៖ គណៈកម្មាធិការស៉ើបអង្កេតនៃប្រទេសរុស្ស៉ី បាននិយាយថា គ្រាប់បែកមួយគ្រាប់ ដែលបង្កប់នៅក្នុងយានអគ្គិសនី scooter ១គ្រឿង បានផ្តាច់ជីវិតឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៉ីម្នាក់ ដែលមានតួនាទីជាប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ និងអាវុធជីវសាស្រ្តរបស់រុស្ស៉ី នៅរដ្ឋធានីមូស្គូ នាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ Igor Kirillov ដែលជាប្រមុខកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមីនៃប្រទេសរុស្ស៉ី ហៅថា RKhBZ ត្រូវបានសម្លាប់ នៅខាងក្រៅអគារស្នាក់នៅមួយកន្លែង ជាប់បណ្តោយផ្លូវ Ryazansky Prospekt ចម្ងាយប៉ុន្មានគីឡូម៉ែត្រ ​ពីភាគអាគ្នេយ៍វិមានក្រឹមឡាំង។ ជំនួយការរបស់លោក ក៏បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នោះផងដែរ ខណៈការស៉ើបអង្កេតព្រហ្មទណ្ឌ ត្រូវបានធ្វើឡើង។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋអាជ្ញាអ៊ុយក្រែន ទើបតែបានចោទប្រកាន់ លោក Kirillov ដោយកំបាំងមុខ អំពីការប្រើប្រាស់អាវុធគីមី ដែលត្រូវបានហាមឃាត់ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែក កាលពីខែតុលា ឆ្នាំនេះ ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើលោក Kirillov រួមជាមួយកងកម្លាំង RKhBZ ទាំងមូល សម្រាប់ការប្រើប្រាស់ សារធាតុគីមីផ្សេងៗ លើសមរភូមិ នៅអ៊ុយក្រែន៕