(វ៉ាស៊ីនតោន)៖ ប្រធានអង្គការ Syrian Emergency Task Force មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក Mouaz Moustafa បានអះអាងថាផ្នូរខ្មោចដ៏ធំមួយកន្លែងស្ថិតនៅខាងក្រៅទីក្រុង ដាម៉ាស មានសាកសពយ៉ាងហោច ១០០ ០០០នាក់ ដែលត្រូវបានសម្លាប់ដោយអតីតរដ្ឋាភិបាលរបស់លោកប្រធានាធិបតីខ្ទាតចេញពីអំណាច Bashar al-Assad។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់ Reuters នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទចេញពីរដ្ឋធានីដាម៉ាស កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Mouaz Moustafa បានឱ្យដឹងថាផ្នូរខ្មោចខាងលើដែលត្រូវបានរកឃើញនៅឯទីក្រុង Qutayfah ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីនៃប្រទេសស៊ីរី គឺជាផ្នូរដ៏ធំមួយក្នុងចំណោមផ្នូរចំនួន៥ ដែលរូបលោកបានរកឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប្រធានអង្គការ រូបនេះបានបន្តថាលោកផ្ទាល់ជឿជាក់ថានៅមានផ្នូរខ្មោចធំៗជាច្រើនផ្សេងទៀតលើសពីផ្នូរខ្មោចទាំង៥នេះ ហើយក្រៅពីជនរងគ្រោះជាជនជាតិស៊ីរី ក៏អាចមានផងដែរជនរងគ្រោះជាជនជាតិអាមេរិក អង់គ្លេស និងជនបរទេសដទៃទៀត។
ក៏ប៉ុន្តែ ខាង Reuters មិនអាចផ្ទៀងផ្ទាត់លើការអះអាងរបស់លោក Moustafa បាននោះទេ។ ជនជាតិស៊ីរីរាប់សែននាក់ត្រូវបានគេជឿជាក់ថាត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ២០១១មក នៅពេល ដែលកងកម្លាំងរបស់អតីតរដ្ឋាភិបាល លោក Assad បង្រ្កាបលើក្រុមបាតុករប្រឆាំងនឹងរបបដឹកនាំរបស់លោក ហើយដែលបាតុកម្មនេះបានប្រែក្លាយជាសង្រ្គាមស៊ីវិល៕