(វ៉ាស៊ីនតោន)៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីខែឧសភា ឆ្នាំ២០២៣ លោក ដូណាល់ ត្រាំ បានសន្យាថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ចាប់តាំងពីពេលនោះមក រហូតដល់ក្រោយជាប់ឆ្នោតជាប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅ លោក ត្រាំ នៅតែអះអាងថាលោកជាមនុស្សតែម្នាក់ គត់ដែលអាចបញ្ចុះបញ្ចូលឱ្យរុស្ស៉ី និងអ៊ុយក្រែន ត្រឡប់មករកតុចរចាសន្តិភាពបញ្ចប់សង្រ្គាម។ ពាក្យសន្យារបស់លោក ត្រាំ មិនត្រឹមតែធ្វើឱ្យសម្ព័ន្ធមិត្ត NATO ព្រួយបារម្ភប៉ុណ្ណោះទេ តែវាក៏ហាក់ដូចជា បានធ្វើឱ្យលោក ហ្សេលេនស្គី ផ្លាស់ប្ដូរគោលជំហរផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីចុងខែវិច្ឆិកាកន្លងទៅ លោក ហ្សេលេនស្គី បានលើកឡើងជាលើកដំបូងពីចេតនាបញ្ចប់សង្រ្គាម ដោយមិននិយាយពីលក្ខខណ្ឌដែលតម្រូវឱ្យរុស្ស៉ីប្រគល់ទឹកដីអ៊ុយក្រែនទាំងអស់ត្រឡប់មកវិញ។
តាមលោក ហ្សេលេនស្គី អ៊ុយក្រែនអាចនឹងបោះបង់ចោលទឹកដីដែលទាហានរុស្ស៉ីកំពុងគ្រប់គ្រងជាបណ្ដោះអាសន្ន ដើម្បីឱ្យទឹកដីដទៃទៀតដែលអ៊ុយក្រែនកំពុងគ្រប់គ្រងស្ថិតនៅក្រោមឆត្រការពាររបស់ NATO ហើយចាំរកវិធីយកទឹកដីអ៊ុយក្រែនទាំងអស់នោះមកវិញតាមផ្លូវការទូត។ ក៏ប៉ុន្តែ ស្ថានភាពជាក់ស្ដែងនៅលើសមរភូមិគឺមិនអំណោយផលសម្រាប់កិច្ចចរចាឡើយ។ ជាធម្មតា សង្រ្គាមនឹងត្រូវបញ្ចប់ នៅពេលភាគីម្ខាងឈ្នះ ឬសង្រ្គាមចូលដល់ដំណាក់កាលជាប់គាំង។ នៅអ៊ុយក្រែន បច្ចុប្បន្ន គ្មានភាគីណាមួយមើលទៅស្ថិតនៅក្បែរជ័យជម្នះទេ ហើយសង្រ្គាមក៏មិនទាន់ចូលដល់ដំណាក់កាលជាប់គាំង ទាំងស្រុងនោះដែរ។ ដូច្នេះតើលោក ត្រាំ មានសន្លឹកបៀរអ្វីដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន?
កន្លងមក នៅក្នុងវោហាសាស្ត្រពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន លោក ត្រាំ និងមនុស្សជំនិតៗរបស់លោកបានបង្ហាញគំនិតទុទិដ្ឋិនិយមចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។ ពួកគេបាន អះអាងថាការគាំទ្រទីក្រុងកៀវ ធ្វើឱ្យសហរដ្ឋអាមេរិកខាតលុយកាក់ ហើយមិនអាចជួយបញ្ចប់សង្រ្គាមបានឡើយ។ តែទោះជាបែបនេះក្ដី ការកាត់បន្ថយ ឬការកាត់ផ្ដាច់ជំនួយ ក្នុងកាលៈទេសៈសព្វថ្ងៃ ក៏មិនអាចស្វែងរកសន្តិភាពបានដែរ ផ្ទុយទៅវិញមានតែធ្វើឱ្យរុស្ស៉ីកាន់តែបានចិត្តប៉ុណ្ណោះ។ នេះជាការយល់ឃើញរបស់លោក Michael McFaul ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាមន្ត្រី ជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Hoover Institution មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ តាមអ្នកវិទ្យាសាស្ត្រនយោបាយរូបនេះ ដើម្បីធ្វើដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព រឿងដំបូងគេដែល លោក ត្រាំ ត្រូវធ្វើ នោះគឺពន្លឿនល្បឿននៃការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន និងបង្ហាញពីឆន្ទៈផ្ដល់ជំនួយយោធាបន្ថែមទៀត ដើម្បីបញ្ឈប់ការវាយលុកសព្វថ្ងៃរបស់រុស្ស៉ីនៅក្នុងតំបន់ដុនបាស់ ដែលជា សមរភូមិដ៏ក្ដៅគគុកនៃសង្រ្គាមនៅភាគខាងកើតអ៊ុយក្រែន។ ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែននៅទីនេះគឺមានទិសដៅធ្វើឱ្យសង្រ្គាមឈានចូលដល់ដំណាក់កាលជាប់គាំង។ ពីព្រោះថាលោក ពូទីន អាច នឹងធ្វើការចរចាពិតប្រាកដ លុះត្រាតែទាហានរុស្ស៉ីលែងអាចមានសមត្ថភាពវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែម ឬបានន័យថាដើម្បីឱ្យកិច្ចចរចាពិតប្រាកដមួយអាចធ្វើទៅបាន គេត្រូវធ្វើយ៉ាងណា ឱ្យលោក ពូទីន ជឿជាក់ជាមុនសិនថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែន។
តមកទៀត នៅបន្ទាប់ពីអាចបញ្ចុះបញ្ចូលឱ្យលោក ពូទីន ត្រឡប់ទៅរកតុចរចា លោក ត្រាំ ត្រូវតែបញ្ចុះបញ្ចូលឱ្យលោក ហ្សេលេនស្គីបញ្ឈប់ការប្រយុទ្ធ ដែលនេះជាបញ្ហាប្រឈមដ៏សំខាន់មួយ ដ្បិតការធ្វើបែបនេះ នឹងតម្រូវឱ្យប្រធានាធិបតីអ៊ុយក្រែនបោះបង់ចោលគំនិតចង់វាយរំដោះទឹកដីអ៊ុយក្រែនទាំងអស់ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៉ីមកវិញ។ ប្រសិនបើការបោះបង់ទឹកដី ពិតជាកើតឡើងមែន នោះលោក ហ្សេលេនស្គីក៏នឹងត្រូវបោះបង់ចោលពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ដែលរុស្ស៉ីគ្រប់គ្រងទាំងនោះដែរ ឬក៏ត្រូវរកមធ្យោបាយណាមួយដើម្បីអនុញ្ញាតឱ្យពួកគេអាចធ្វើចំណាកស្រុកចូលទៅកាន់តំបន់ភាគខាងលិចអ៊ុយក្រែន។ ការស្ទង់មតិមួយកាលប៉ុន្មានខែមុននេះ បានបង្ហាញថា ៨៨ភាគរយនៃប្រជាជនអ៊ុយក្រែននៅតែជឿជាក់ថាអ៊ុយក្រែននឹងឈ្នះនៅក្នុងសង្រ្គាម។ រីឯទាហានអ៊ុយក្រែន ដែលក្នុងនោះ មានភាគច្រើនកំពុងប្រយុទ្ធដើម្បីសងសឹកឱ្យមិត្តរួមអាវុធរបស់ពួកគេដែលបានពលី ក៏ប្រហែលជានឹងមិនទម្លាក់អាវុធចុះដោយងាយៗនោះដែរ។ ដូច្នេះលោក ហ្សេលេនស្គី និងប្រជាជនអ៊ុយក្រែននឹងមិនធ្វើការ លះបង់ដូចដែលបានរៀបរាប់មកនេះនោះទេ ប្រសិនបើពួកគេមិនបានទទួលអ្វីដែលអាចប៉ះប៉ូវឱ្យពួកគេវិញទេ នោះគឺ «សមាជិកភាព NATO»។ សមាជិកភាព NATO នេះក៏ជាសន្លឹកបៀរមួយដែលលោក ត្រាំ អាចប្រើដើម្បីបញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យបញ្ឈប់ការប្រយុទ្ធ។ សម្រាប់លោក Michael McFaul សមាជិកភាព NATO គឺជាមធ្យោបាយតែមួយគត់អាចរក្សាសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនរវាងរុស្ស៉ី និងអ៊ុយក្រែន។ កន្លងមក អ៊ុយក្រែនក៏ធ្លាប់ទទួលបានការធានាសន្តិសុខដែរ ក្នុងនោះមានដូចជាអនុស្សរណៈយោគយល់ប៊ុយដាប៉ែសឆ្នាំ១៩៩៤ ដែលតម្រូវឱ្យរុស្ស៉ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ផ្ដល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ជាថ្នូរឱ្យទីក្រុងកៀវ ប្រគល់ឃ្លាំងអាវុធនុយក្លេអ៊ែរសល់ពីអតីតសម័យសូវៀត ទៅឱ្យទីក្រុងមូស្គូ។ តែនៅទីបញ្ចប់រុស្ស៉ីនៅតែឈ្លានពានអ៊ុយក្រែន។
អ៊ុយក្រែន ដឹងក្នុងចិត្តយ៉ាងច្បាស់ថាទោះជារុស្ស៉ីហ៊ានឈ្លានពានហ្ស៊កហ្ស៉ី កាលពីឆ្នាំ២០០៨ និងអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងឆ្នាំ២០២២ក៏ដោយ តែមូស្គូមិនដែលហ៊ានវាយប្រហារលើសមាជិក NATO ណាមួយទេ។ និយាយជារួមត្រឹមកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាតែនៅលើក្រដាស គឺមិនអាចកំញើញរុស្ស៉ីបានឡើយ។ ជាការពិតណាស់ ចង់ចូល NATO មិនមែនអាស្រ័យលើសហរដ្ឋអាមេរិកតែម្នាក់ឯងទេ តែបើលោក ត្រាំ ប្រកាន់យកជំហរគាំទ្រពេញទំហឹង នោះមេដឹកនាំនៃបណ្ដាប្រទេស NATO ដទៃ ក៏ប្រហែលជានឹងមិនហ៊ានពន្យារពេលលើនីតិវិធីផ្ដល់សច្ចាប័ន ដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញមួយចំនួន បានលើកឡើងថាលោក ពូទីន នឹងមិនយល់ព្រមឱ្យអ៊ុយក្រែនចូលក្នុងបក្សសម្ព័ន្ធ NATO ដាច់ខាត។ ប៉ុន្តែ លោក McFaul និយាយថាអ៊ុយក្រែន និងសមាជិកភាព NATO គឺមិនចំាបាច់ត្រូវស្នើសុំការយល់ព្រមពីលោក ពូទីនឡើយ ហើយក៏គ្មានកន្លែងសម្រាប់ឱ្យលោក ពូទីន អង្គុយនៅឯតុចរចារវាងអ៊យក្រែន និង NATOដែរ។ ម្យ៉ាង ការអនុញ្ញាតឱ្យលោក ពូទីន បង្កការរំខាន ឬដល់ ថ្នាក់រារាំងមិនឱ្យកិច្ចចរចាបែបនេះកើតឡើង វាប្រៀបដូចជាការបង្ហាញពីភាពទន់ខ្សោយរបស់សហរដ្ឋអាមេរិកឱ្យរុស្ស៉ី ឬចិនបានឃើញតែប៉ុណ្ណោះ។ បើតាមលោក McFaul ក្នុងករណីដែលរុស្ស៉ីនៅតែទទូចថា ការចូលជាសមាជិក NATO របស់អ៊ុយក្រែន ជាការគំរាមកំហែងដល់ខ្លួន លោក ត្រាំ អាចពន្យល់លោក ពូទីនថាសមាជិកភាព NATO ក៏អាចនឹងក្លាយជាការរឹតត្បិតមួយលើអ៊ុយក្រែនផងដែរ។ ជាការពិតណាស់ លោក ហ្សេលេនស្គី នឹងមិនទទួលស្គាល់ជាផ្លូវការនូវទឹកដីអ៊ុយក្រែនដែលត្រូវបានរុស្ស៉ីក្រសោបយកនោះទេ។ ប៉ុន្តែ សមាជិកភាព NATO អាចនឹងជំរុញឱ្យរូបលោកយល់ព្រមទៅនឹងគោលការណ៍មួយដែលក្នុងនោះ ទីក្រុងកៀវទទួលយកថាខ្លួននឹងស្វែងរកការបង្រួបបង្រួមអ៊ុយក្រែនឡើងវិញតាមមធ្យោបាយការទូត។
អាល្លឺម៉ង់ខាងលិច និងកូរ៉េខាងត្បូង បានយល់ព្រមទៅនឹងលក្ខខណ្ឌស្រដៀងគ្នានេះដែរ ជាថ្នូរនឹងការទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក និង NATO។ ជាលក្ខខណ្ឌដើម្បីចូលរួមក្នុងបក្សសម្ព័ន្ធ NATO លោក ហ្សេលេនស្គី និងក្រុមឧត្តមសេនីយ៍របស់លោកក៏ត្រូវតម្រូវឱ្យដកកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៉ី ជាទីដែលពួកគេដណ្ដើមទឹកដីមួយចំនួនចាប់តាំងពីខែសីហាមក។ NATO គឺជាបក្សសម្ព័ន្ធ យោធាមួយមានធម្មជាតិការពារខ្លួនឯង។ NATO មិនដែលវាយប្រហារលើអតីតសហភាពសូវៀត ឬរុស្ស៉ីឡើយ ហើយក៏ទំនងជានឹងមិនវាយប្រហារលើរុស្ស៉ីដែរ។ រីឯ លោក ពូទីន ដឹងរឿងនេះច្បាស់ជាងនរណាៗ ទាំងអស់។ លោក ពូទីន បានត្រឹមតែជ្រួញចិញ្ចើមប៉ុណ្ណោះ នៅពេលហ្វាំងឡង់ និងស៊ុយអែតចូល NATO កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ បើទោះជាហ្វាំងឡង់មានព្រំដែនជាប់រុស្ស៉ី ដល់ទៅ ១៣៤០គីឡូម៉ែត្រក៏ដោយ៕