(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ចិនបានចេញមុខប្តេជ្ញាថា នឹងព្យាយាមជំរុញទំនាក់ទំនង ឱ្យមានភាពល្អប្រសើរនិងមានស្ថិរភាព ជាមួយប្រទេសកូរ៉េខាងត្បូង ខណៈតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ក្នុងថ្ងៃដដែលនេះ បានចាប់ផ្តើមដំណើរការនីតិវិធីលើ សំណើដកតំណែង ដែលសភាកូរ៉េខាងត្បូង បានអនុម័តប្រឆាំងប្រធានាធិបតី លោក Yoon Suk Yeol កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសចិន បាននិយាយថា ការលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូង ប្រកបដោយភាពល្អរប្រសើរ និងស្ថិរភាព គឺបម្រើដល់ផលប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងទៀតថា គោលនយោបាយចិនចំពោះកូរ៉េខាងត្បូង គ្មានការប្រែប្រួលឡើយ ហើយផ្តោតលើស្ថិរភាព ខណៈការរក្សាសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាជារឿងល្អសម្រាប់ភាគីនានា ហើយតម្រូវឱ្យភាគីទាំងអស់ បង្កើនកិច្ចប្រឹងប្រែងឱ្យសកម្ម។
ប្រទេសទាំងពីរ គឺជាដៃគូពាណិជ្ជកម្មធំជាមួយគ្នា ប៉ុន្តែបើនិយាយអំពីផ្នែកនយោបាយ គឺទំនាក់ទំនងមិនសូវជាល្អ ប៉ុន្មាននោះទេ។ ទីក្រុងប៉េកាំង គឺជាខ្នងបង្អែកស្នូលរបស់កូរ៉េខាងជើង ដែលនៅក្នុងឆ្នាំនេះ បានប្រកាសចាត់ទុក កូរ៉េខាងត្បូង ជាសត្រូវចម្បង។ ចំណែក កូរ៉េខាងត្បូងវិញ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ហើយក៏ជាកន្លែងឈរជើងរឹងមាំមួយ របស់កងទ័ពអាមេរិក ផងដែរ ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង បានធ្លាក់ចុះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ សភាកូរ៉េខាងត្បូង បានបោះឆ្នោតអនុម័តឱ្យដកតំណែង លោក Yoon ដោយសារតែការប៉ុនប៉ងមិនបានសម្រេចរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។ ពេលនេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង មានរយៈពេលប្រហែល៦ខែ ដើម្បីសម្រេចជាចុងក្រោយថា នឹងត្រូវទទួលយក ឬមួយក៏ត្រូវបដិសេធ ការដកតំណែងនោះ៕