(គូឡាឡាំពួ)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសអំពីការតែងតាំង អតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក សម្រាប់ពេលដែល ​ម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Anwar បាននិយាយថា តួនាទីរបស់លោក Thaksin អំឡុងអាណត្តិជាប្រធានអាស៊ានរបស់លោក គឺនឹងមានលក្ខណៈក្រៅផ្លូវការ រួមជាមួយទីប្រឹក្សាដទៃទៀត មកពីបណ្តាប្រទេសមួយចំនួន ដែលជាសមាជិកអាស៊ាន។ លោក Anwar បានចេញសេចក្តីប្រកាសបែបនោះ អំឡុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៉ី ដោយនាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ដែលត្រូវជាកូនស្រីពៅរបស់លោក Thaksin។

គួរបញ្ជាក់ថា លោក Thaksin អាយុ៧៥ឆ្នាំ គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូប នៅក្នុងឆាកនយោបាយរបស់ប្រទេសថៃ អំឡុងរយៈពេលប្រមាណទសវត្សរ៍កន្លងមកនេះ។ រូបលោកបានវិលត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ៕