(ដាក្កា)៖ មេដឹកនាំស្តីទីនៃប្រទេសបង់ក្លាដែស លោក Muhammad Yunus នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថា ការបោះឆ្នោតសកលថ្មីមួយ នឹងត្រូវរៀបចំឡើង នៅអំឡុងចុងឆ្នាំក្រោយ ឬក៏នៅអំឡុងដើមឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Muhammad Yunus ដែលបានក្លាយជា «ប្រមុខទីប្រឹក្សា» នៃប្រទេសអាស៉ីខាងត្បូងមួយនេះ ក្រោយការផ្ទុះបាតុកម្មយ៉ាងកក្រើក ដែលបានទម្លាក់អតីតនាយករដ្ឋមន្រ្តី លោកស្រី Shiekh Hasina ចេញពីអំណាច កាលពីខែសីហា ឆ្នាំនេះ បានទទួលរងសម្ពាធ ឱ្យកំណត់កាលបរិច្ឆេទជាក់លាក់ សម្រាប់ការរៀបចំបោះឆ្នោតសកលថ្មី។ នាពេលនេះ លោក Yunus កំពុងដឹកនាំរដ្ឋបាលបណ្តោះអាសន្នមួយ ដើម្បីដោះស្រាយនូវអ្វីលោកហៅថា បញ្ហាប្រឈមដ៏លំបាកបំផុត នៃការស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនសរុប១៧០លាននាក់មួយនេះ ឡើងវិញ។
គួរបញ្ជាក់ថា លោកស្រី Hasina បានរត់ភៀសខ្លួនតាមឧទ្ធម្ភាគចក្រ ទៅកាន់ប្រទេសឥណ្ឌា ដែលនៅក្បែរខាង ស្របពេលដែលក្រុមបាតុកររាប់ពាន់នាក់ ដឹកនាំដោយចលនានិស្សិត បាននាំគ្នាសម្រុកចូលវិមាននាយករដ្ឋមន្រ្តី នៅរដ្ឋធានីដាក្កា កាលពីខែសីហា។ លោកស្រី បានដឹកនាំប្រទេសបង់ក្លាដែស ជាប់រហូតតាំងពីឆ្នាំ២០០៩។