(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បាននិយាយថាទាហានរុស្ស៉ី និងកូរ៉េខាងជើងប្រហែល ២០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រយុទ្ធគ្នាជាមួយទាហានអ៊ុយក្រែន តែមិនបានបញ្ជាក់លម្អិត ថាតើមានទាហានកូរ៉េខាងជើងប៉ុន្មាននាក់ និងទាហានរុស្ស៉ីប៉ុន្មាននាក់ដែលត្រូវបានសម្លាប់នោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍មួយរបស់ចារកម្មអ៊ុយក្រែនចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានឱ្យដឹងទៀតថាទាហានកូរ៉េខាងជើង បានចូលរួមនៅក្នុងប្រតិបត្តិការប្រយុទ្ធ ជាផ្នែកមួយនៃកងអង្គភាពរួមគ្នារបស់កងម៉ារីន និងកងទ័ពអាកាសរុស្ស៉ី។ តាមចារកម្មអ៊ុយក្រែន បញ្ហាភាសា គឺជាចំណោទដ៏សំខាន់មួយសម្រាប់ទាហានរុស្ស៉ី និងកូរ៉េខាងជើង នៅក្នុងការប្រាស្រ័យទាក់ទងគ្នា ដើម្បីសម្រមសម្រួលប្រតិបត្តិការប្រយុទ្ធ។ «ដោយសារតែបញ្ហានេះឯង មានពេលមួយនោះ ទាហានកូរ៉េខាងជើងបានបាញ់ប្រហារលើគ្នាឯង ហើយជាលទ្ធផលធ្វើឱ្យទាហានរុស្ស៉ីមកពី តំបន់ឆេឆេនី ៨នាក់បានស្លាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់ចារកម្មអ៊ុយក្រែន។
គួរបញ្ជាក់ថា យោធាអ៊ុយក្រែនក៏បានបញ្ចេញផងដែរនូវរូបភាពដែលហាក់បង្ហាញពីទាហានកូរ៉េខាងជើងរាប់សិបនាក់ដេកស្លាប់ជាមួយទាហានរុស្ស៉ី នៅក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចរុស្ស៉ី។ លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក៏បាននិយាយដែរថា កងទ័ពកូរ៉េខាងជើង កំពុងត្រូវបានប្រើប្រាស់ រួមបញ្ចូលគ្នាជាមួយកងកម្លាំងរុស្ស៉ី ហើយសម្រាប់ឥឡូវនេះ គឺនៅត្រឹមក្នុងតំបន់ Kursk ប៉ុណ្ណោះ ប៉ុន្តែលោកទទួល បានព័ត៌មានថា អាចនឹងមានការប្រើប្រាស់ពួកគេ នៅតាមផ្នែកផ្សេងទៀតនៃសមរភូមិជួរមុខ។ ទីក្រុងកៀវបានរាយការណ៍ជាលើកដំបូង អំពីវត្តមានកងទ័ពកូរ៉េខាងជើង នៅតំបន់ Kursk កាលពីខែតុលា។ បើតាមការប៉ាន់ស្មានរបស់ទីក្រុងកៀវ និងក្រុមលោកខាងលិច មានទាហានកូរ៉េខាងជើងសរុបប្រហែល ១១ ០០០នាក់ នៅទីនោះ៕