Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអាមេរិក ថាការបោះឆ្នោតដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol បង្ហាញពីភាពធន់រឹងមាំ នៃលទ្ធិប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង (Video inside)

15-12-2024 09:49

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានហៅការបោះឆ្នោតដកតំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ជាសញ្ញាភាពធន់រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ហើយបានសន្យាថា នឹងធ្វើការជាមួយមេដឹកនាំថ្មី របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។

លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅប្រទេសហ៊្សកដានីយ៉ាងដូច្នេះថា «ខ្ញុំយល់ថា រឿងដែលសំខាន់បំផុតនោះ គឺកូរ៉េខាងត្បូងបានស្តែងឱ្យឃើញ ភាពធន់រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ យើងបានមើលឃើញ ស្ថានការណ៍ប្រព្រឹត្តទៅដោយសន្តិវិធី តាមដំណើរការ ដែលត្រូវបានកំណត់ដោយ រដ្ឋធម្មនុញ្ញ»

លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្តថា «យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយលោកប្រធានាធិបតី Han នៅពេល​លោកឡើងកាន់តួនាទីជំនួស» ដោយចង់សំដៅលើ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo ដែលត្រូវក្លាយជា​មេដឹកនាំស្តីទីរបស់កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក Yoon Suk Yeol ត្រូវបានសភាបោះឆ្នោតអនុម័ត លើសំណើដកតំណែងរបស់លោក ដោយសារតែ ការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក​ កាលពីថ្ងៃទី៣ ខែធ្នូ។ ការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក អស់រយៈពេល​ជាង៦ម៉ោងនោះ បានបង្កភាពចលាចល នៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យមានការអំពាវនាវឱ្យរូបលោក ចុះចេញពីតំណែង៕