(អាម៉ាន់)៖ អ្នកការទូតកំពូលៗមកពីសហរដ្ឋអាមេរិក តួកគី សហភាពអឺរ៉ុប និងរដ្ឋអារ៉ាប់បានជួបប្រជុំគ្នា​ ក្នុងប្រទេសហ៊្សកដានី​ នៅថ្ងៃសៅរ៍​ ទី១៤​ ខែធ្នូនេះ​ សម្រាប់កិច្ចពិភាក្សាស្តីពីស៉ីរី​ ខណៈដែលមហាអំណាចក្នុងតំបន់ និងពិភពលោកកំពុងដណ្តើមឥទ្ធិពលគ្នាលើរដ្ឋាភិបាលណាដែលនឹងមកជំនួសអតីតប្រធានាធិបតី​លោក​ Bashar al-Assad។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក បៃដិន បានបញ្ជូនរដ្ឋមន្ត្រីការបរទេស​ លោក Antony Blinken ទៅកាន់តំបន់មជ្ឈិមក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រសម្រាប់គោលការណ៍​ ដែលទីក្រុងវ៉ាស៉ីនតោនសង្ឃឹមថា​ នឹងនាំដឹកនាំទៅរកការផ្លាស់ប្តូរនយោបាយស៉ីរី ដូចជាការគោរពចំពោះជនជាតិភាគតិចជាដើម។​ ក្រុមអ្នកការទូតអារ៉ាប់​ ប្រាប់​ Reuters ថា ពួកគេកំពុងស្វែងរកការធានាពីតួកគី​លេីគាំទ្រដំណើរការនយោបាយរួមបញ្ចូល ដែលរារាំងការបែងចែកប្រទេសស៉ីរី​ដោយសារបញ្ហានិកាយសាសនា។

រដ្ឋមន្ត្រីការបរទេសតួកគី​ លោក Hakan Fidan បាននិយាយថា ស្ថានទូតរបស់ប្រទេសលោក​ នៅក្នុងរដ្ឋធានីដាម៉ាស​ នឹងចាប់ផ្តើមការងារឡើងវិញពីថ្ងៃសៅរ៍នេះទៅ​ បន្ទាប់ពីប្រមុខចារកម្មតួកគីបានធ្វើទស្សនកិច្ចទីនោះ​ នៅសប្តាហ៍នេះ។​ ចំណែកហ៊្សកដានី​ ដែលជាប្រទេសជិតខាងស៉ីរីវិញ​ ក៏កំពុងរៀបចំការជួបជុំប្រជុំថ្ងៃសៅរ៍នេះ​ នៅទីក្រុង​ Aqaba។ ដោយឡែក​ រុស្ស៉ី​ និងអ៉ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់របបលោក Assad មិនត្រូវបានអញ្ជើញទេ។

គួរបញ្ជាក់ថា​ លោក​ Blinken បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៉ីរី​ លោក Geir Pederson ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas Fidan និងរដ្ឋមន្ត្រីការបរទេសមកពីហ៊្សកដានី​ អារ៉ាប៊ីសាអូឌីត អ៉ីរ៉ាក់ លីបង់ អេហ្ស៉ីប អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន កាតា បានជួបប្រជុំតុមូលនៅឯអគាររដ្ឋាភិបាលហ៊្សកដានី។ ចំណែកសាមីខ្លួនស៉ីរី​ មិនមានអ្នកតំណាងណាម្នាក់ត្រូវបានហៅឱ្យមកចូលរួមនោះទេ៕