(ជេនីន)៖ អ្នកស្រុក និងក្រុមគ្រូពេទ្យបានឱ្យដឹងថាមនុស្សម្នាក់ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងសន្តិសុខប៉ាឡេស្ទីន ប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ ហេីយដំឡើងប៉ុស្តិ៍ត្រួតពិនិត្យ នៅទីក្រុង Jenin ភាគខាងលិចតំបន់ West Bank។ នេះបេីយតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយ និងកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បានថ្កោលទោសអាជ្ញាធរប៉ាឡេស្ទីន ជុំវិញប្រតិបត្តិការនៅទីក្រុង Jenin ហើយសម្ព័ន្ធមិត្តរបស់ខ្លួនគឺក្រុមជីហាត តែងអំពាវនាវឱ្យមានការងេីបឡេីងតវ៉ា។
ស្នូរកាំភ្លើង និងការបំផ្ទុះបានលាន់ឮនៅក្នុងទីក្រុង Jenin ដែលការប៉ះទង្គិចគ្នាកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រវាងក្រុមសកម្មប្រយុទ្ធ និងអាជ្ញាធរប៉ាឡេស្ទីនគាំទ្រដោយលោកខាងលិច (PA) របស់មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បន្ទាប់ពីការវាយឆ្មក់ដោយអាជ្ញាធរប៉ាឡេស្ទីន។ ពលរដ្ឋនិយាយថា បុរសដែលត្រូវគេសម្លាប់នោះជាជនសកម្មប្រយុទ្ធ ប៉ុន្តែមិនមានការបញ្ជាក់ណាមួួយពីក្រុមរបស់ពួកគេនោះទេ។ សាខាសន្តិសុខរបស់អាជ្ញាធរប៉ាឡេស្ទីន PA បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការសន្តិសុខដើម្បីស្តារច្បាប់ និងសណ្តាប់ធ្នាប់សម្រាប់តំបន់ជាយក្រុង Jenin ដែលជាជំរំជនភៀសខ្លួនជាប្រវត្តិសាស្រ្តនិងជាបន្ទាយដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
គួរបញ្ជាក់ថា Jenin ក៏ធ្លាប់ជាជម្លោះដ៏ក្តៅគគុករវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងយោធាអ៉ីស្រាអែលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ Jenin និងតំបន់ដាច់ស្រយាលនៅភាគខាងជើង West Bank បានរងនូវការវាយឆ្មក់របស់អ៉ីស្រាអែលកាន់តែខ្លាំង បន្ទាប់ពីមានការវាយប្រហារតាមដងផ្លូវរបស់ប៉ាឡេស្ទីន៕