(សេអ៊ូល)៖​ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង​ បានប្តេជ្ញាថា​នឹងតស៊ូដើម្បីអនាគតនយោបាយរបស់លោក​ បន្ទាប់ពីសភាដឹកនាំដោយគណប្សប្រឆាំង​ បានអនុម័តលេីសំណេីដកតំណែង​ នៅក្នុងការបោះឆ្នោតលើកទីពីរ​ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៤​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ និងសន្លឹកឆ្នោតចំនួន៨ ជាសន្លឹកឆ្នោតមិនបានការ។ សន្លឹកឆ្នោត ២០៤សំឡេងនេះ គឺលើសពីសំឡេង ២ភាគ៣ ឬ២០០សំឡេង នៅក្នុងចំណោមសមាជិកសភាសរុប៣០០រូប ដែលចាំបាច់ដើម្បីអនុម័ត សំណើដកតំណែងលោក Yoon ក្រោមបទចោទបះបោរ។

លោក​ Yoon គូសបញ្ជាក់ថា​ «​ទោះបីជាខ្ញុំត្រូវឈប់នៅពេលនេះក៏ដោយ ប៉ុន្តែដំណើរការដែលខ្ញុំខំសាងរយៈពេល ២ឆ្នាំកន្លះមកនេះ​ដេីម្បីឆ្ពោះទៅអនាគតមិនបញ្ឈប់ឡើយ។ ខ្ញុំ​នឹង​មិន​ចុះ​ចាញ់​ឡើយ»។

គួរបញ្ជាក់ថា​ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង​ នឹងសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងនៅពេលណា​ អំឡុងរយៈពេល​ ៦ខែ។​ ប្រសិន​បើ​លោក​ត្រូវ​បាន​ដក​តំណែង ការបោះឆ្នោតបន្ទាន់មួយ​នឹង​រៀបចំឡេីង។ ឥឡូវនេះ​ នាយករដ្ឋមន្ត្រី លោក​ Han Duck-soo នឹងឡេីងមកជាប្រធានាធិបតីស្តីទី ខណៈលោក Yoon នៅតែកាន់តំណែង​ ប៉ុន្តែសិទ្ធិអំណាចប្រធានាធិបតីរបស់លោក​ ត្រូវព្យួរពាក់កណ្តាលនៃអាណត្តិ​រយៈពេល​ ៥ឆ្នាំ៕