(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះថាមនុស្សយ៉ាងហោច ២០០ ០០០នាក់ ត្រូវបានរំពឹងថានឹងប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះការបោះឆ្នោតដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol។

បើតាមប៉ូលិសកូរ៉េខាងត្បូង​ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នារួចទៅហើយ នៅខាងមុខវិមានសភា ដែលគ្រោងរៀបចំការបោះឆ្នោតដកតំណែងលោក Yoon ជាលើកទី២ នៅម៉ោង៤រសៀល ថ្ងៃសៅរ៍នេះ (ម៉ោងនៅសេអ៊ូល)។ លោក Yoon បានរួចផុតពីការបោះឆ្នោតដកតំណែងកាលពីលើកទី១ បន្ទាប់ពីគណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សកាន់អំណាចរបស់លោក Yoon បានពហិការចូលរួមក្នុងការបោះឆ្នោត។

ក្រុមគណបក្សប្រឆាំងកំពុងគ្រប់គ្រងសភាកូរ៉េខាងត្បូង ដោយមានអាសនៈនៅក្នុងដៃ ១៩២ ក្នុងចំណោមអាសនៈសរុប៣០០។ ដើម្បីអាចទម្លាក់លោក Yoon បាន ពួកគេ ត្រូវការសំឡេងគាំទ្រ ២ភាគ៣ ដែលនេះមានន័យថាចាំបាច់ត្រូវតែមានការគំាទ្រពីសមាជិកបក្ស PPP យ៉ាងហោច ៨រូប។ សមាជិកបក្ស PPP ៧រូប កាលពីថ្ងៃសុក្រ បាននិយាយថាពួកគេនឹងបោះឆ្នោតគាំទ្រឱ្យ ដកតំណែងលោក ​Yoon។

គួរបញ្ជាក់ថា លោក Yoon បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ តែច្បាប់នេះត្រូវបានលុបចោលទៅវិញ បន្ទាប់ពីមានការប្រឆាំងជំទាស់ពីសភា។ ប៉ុន្តែវិបត្តិច្បាប់អាជ្ញាសឹកនេះ បានធ្វើឱ្យនយោបាយកូរ៉េខាងត្បូងធ្លាក់ក្នុងភាពចលាចល ហើយជំរុញឱ្យមានការអំពាវនាវឱ្យលោក Yoon ចុះចេញពីតំណែងកាន់តែច្រើនឡើង៕