(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដោយមិនប្រកាសជាមុន ទៅកាន់ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃសុក្រនេះ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani អំពីស្ថានការណ៍នៅស៊ីរី និងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Bashar al-Assad នៅស៊ីរី ដែលបានបង្កើតការព្រួយបារម្ភអំពីស្ថិរភាពនៅក្នុងតំបន់។

លោក Blinken និងលោក al-Sudani បានពិភាក្សាគ្នាអំពីសារៈសំខាន់ នៃការកសាងរដ្ឋាភិបាលថ្មីនៅស៊ីរី ដែលមានលក្ខណៈរួមបញ្ចូលគ្រប់ភាគី និងការគោរពសិទ្ធិមនុស្ស។ ពួកគេក៏បានពិភាក្សាអំពីការគំរាមកំហែង ពីក្រុមរដ្ឋអ៊ីស្លាម និងតួនាទីរបស់អ៊ីរ៉ង់នៅក្នុងតំបន់ផងដែរ។

លោក Blinken បានប្រាប់អ្នកសារព័ត៌មាន នៅស្ថានទូតអាមេរិក ក្នុងទីក្រុងបាកដាដ ថា «យើងប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រាកដថា ក្រុម Daesh (រដ្ឋអ៊ីស្លាម) នឹងមិនអាចបង្ហាញខ្លួនឡើងវិញបានទេ»។

គួរបញ្ជាក់ថា អ៊ីរ៉ាក់ដែលមានព្រំប្រទល់ជាប់ស៊ីរី មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃអស្ថិរភាពនៅស៊ីរីមកលើសន្តិសុខរបស់ខ្លួន។ ទន្ទឹមគ្នានេះ អ៊ីរ៉ាក់ក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងពី ក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងតំបន់ផងដែរ៕