(ប៉េកាំង)៖ ចិន និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានផុតកំណត់កាលពីថ្ងៃ២៧ ខែសីហា សម្រាប់រយៈពេលប្រាំឆ្នាំទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងនេះ ដែលមានអាយុកាល តាំងពីឆ្នាំ១៩៧៩ គឺជាការប្តេជ្ញាចិត្តក្នុងការសហការគ្នាលើការស្រាវជ្រាវវិទ្យាសាស្ត្រ រវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា ជាកម្លាំងស្ថិរភាពមួយសម្រាប់ទំនាក់ទំនងចិន-អាមេរិក ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន បរិស្ថាន វិទ្យាសាស្ត្រកសិកម្ម រូបវិទ្យា និងគីមីវិទ្យា។ វាក៏បានជួយជំរុញការផ្លាស់ប្តូរការសិក្សា និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕