Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខ NATO អំពាវនាវឱ្យមានការចំណាយលើវិស័យការពារជាតិខ្ពស់ជាងមុន ដើម្បីទប់ស្កាត់រុស្ស៉ី

13-12-2024 15:29

(ព្រុចសែល)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បានព្រមានថា បក្សសម្ព័ន្ធយោធាលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ មិនទាន់ត្រៀមខ្លួនសម្រាប់ការគំរាមកំហែង ដែលត្រូវប្រឈមជាមួយរុស្ស៉ី នៅក្នុងប៉ុន្មានឆ្នាំខាងមុខនោះទេ ហើយអំពាវនាវឱ្យមានការចំណាយ លើវិស័យការពារជាតិ កាន់តែច្រើនជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤។

លោក Rutte និយាយថា ការចំណាយនៃវិស័យការពារជាតិទៅអនាគត គួរតែមានច្រើនជាងគោលដៅកំណត់ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបានបញ្ជាក់ក្នុងសុន្ទរកថា នៅទីក្រុងព្រុចសែល ដូច្នេះថា «រុស្ស៉ីកំពុងត្រៀម សម្រាប់ការប្រឈមមុខរយៈពេលវែង ជាមួយអ៊ុយក្រែន និងជាមួយយើងទាំងអស់គ្នា។ យើងមិនទាន់ត្រៀមខ្លួនបានរួចរាល់ទេ ចំពោះអ្វីដែលនឹងមកដល់នៅ ៤ ទៅ៥ឆ្នាំខាងមុខទៀត។ វាជាពេលត្រូវបញ្ឆេះផលិតកម្មអាវុធ និងបង្កើនការចំណាយលើវិស័យការពារជាតិរបស់យើង»

ការប៉ាន់ស្មានរបស់ NATO បានឱ្យដឹងថា ២៣ប្រទេស ក្នុងចំណោមសមាជិកទាំង ៣២ នឹងសម្រេចបាននូវគោលដៅ ២ភាគរយនៅឆ្នាំនេះ។ បើតាមលោក Rutte អំឡុងសម័យសង្រ្គាមត្រជាក់ អឺរ៉ុបចំណាយច្រើនជាង ៣ភាគរយនៃ GDP លើវិស័យការពារជាតិ។

គួរបញ្ជាក់ថា សមាជិកណាតូ ក៏កំពុងប្រឈមមុខនឹងសម្ពាធជាថ្មី ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ដែលអំពាវនាវឱ្យសម្ព័ន្ធមិត្តអាមេរិកចំណាយ ៣ភាគរយនៃ GDP របស់ប្រទេសសម្រាប់វិស័យការពារជាតិ៕