Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង៖ លោក​ ពូទីន គាំទ្រកិច្ចប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តីហុងគ្រី សម្រាប់បទឈប់បាញ់ថ្ងៃបុណ្យ Christmas នៅអ៊ុយក្រែន

13-12-2024 13:36

(មូស្គូ)៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ដើម្បីបង្កើតបទឈប់បាញ់មួយនៅអ៊ុយក្រែន អំឡុងថ្ងៃបុណ្យ Christmas ក៏ដូចជាការដោះដូរឈ្លើយសឹកក្នុងចំនួនច្រើន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤។

ដោយមិនលម្អិត ទាំងវិមានក្រឹម និងហុងគ្រី គ្រាន់តែឱ្យដឹងថា លោក Orban បានលើកសំណើនេះឡើង ក្នុងពេលជជែក តាមទូរស័ព្ទជាមួយ លោក ពូទីន កាលពីថ្ងៃពុធ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បញ្ជាក់ថា «ភាគីរុស្ស៉ីគាំទ្រពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោក Orban ក្នុងបំណងស្វែងរក ការដោះស្រាយដោយសន្តិវិធី និងដោះស្រាយបញ្ហាមនុស្សធម៌ ពាក់ព័ន្ធនឹងការដោះដូរឈ្លើយសឹក»។ តាមលោក Peskov សេវាសន្តិសុខសហព័ន្ធរុស្ស៉ី (FSB) បានបង្ហាញព័ត៌មានលម្អិត ស្តីពីលទ្ធភាពដោះដូរឈ្លើយសឹក ទៅកាន់ស្ថានទូតហុងគ្រី។

គួរបញ្ជាក់ថា មិនយូរប៉ុន្មានក្រោយការជជែករវាង លោក Orban និងលោក Putin ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់មេដឹកនាំហុងគ្រីរូបនេះថា ធ្វើឱ្យខូចដល់សាមគ្គីភាពរបស់លោកខាងលិច ហើយហាក់ដូចជាចំអក ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ហុងគ្រី។ លោក Orban ថាវាជារឿងគួរឱ្យសោកស្តាយ ដែលលោក ហ្សេលេនស្គី ទាត់ចោលនូវសំណើលើកឡើងដោយហុងគ្រី៕