(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៣ ខែធ្នូនេះ ចិនបានប្រចោទប្រកាន់ហ្វីលីពីន ថាបង្កបញ្ហានៅសមុទ្រចិនខាងត្បូង ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក មួយសប្តាហ៍បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ស្តីបន្ទោសគ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នាថ្មី នៅតំបន់មានវិវាទនៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយតាមកម្មវិធី WeChat ដូច្នេះថា «ភាគីហ្វីលីពីន ដោយមានការគាំទ្រ និងឱ្យយោបល់ពីអាមេរិក បាននិងកំពុងបង្កបញ្ហានៅកន្លែងជាច្រើន នៅសមុទ្រចិនខាងត្បូង»។ លោកបន្ថែមថា «ហ្វីលីពីនដឹងច្បាស់ពីវិសាលភាពនៃទឹកដីរបស់ខ្លួន ដែលត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិ ហើយដែលមិនរាប់បញ្ចូលប្រជុំកោះ Spratly និង Scarborough Shoal របស់ចិនឡើយ»។
កាលពីសប្តាហ៍មុន មន្ត្រីហ្វីលីពីននិយាយថា កប៉ាល់ឆ្មាំសមុទ្រចិនបានបាញ់កាណុងបាញ់ទឹក ហើយអូសទូកកាណូត របស់ការិយាល័យជលផលក្រុងម៉ានីល ដែលកំពុងធ្វើដំណើរទៅផ្តល់ការផ្គត់ផ្គង់ ដល់អ្នកនេសាទហ្វីលីពីន នៅជុំវិញតំបន់ Scarborough Shoal។ ទង្វើនេះត្រូវបានសហរដ្ឋអាមេរិកថ្កោលទោស។ រីឯ ឆ្មាំសមុទ្រចិននិយាយថា កប៉ាល់ហ្វីលីពីន ៤គ្រឿងព្យាយាមចូលទៅក្នុងដែនទឹករបស់ខ្លួន នៅជុំវិញ Scarborough Shoal ដែលប៉េកាំងហៅថាកោះ Huangyan។
គួរបញ្ជាក់ថា ឆ្នាំនេះ ប៉េកាំង និងម៉ានីល មានការប្រឈមមុខគ្នាជាបន្តបន្ទាប់ នៅឯតំបន់ថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង។ ជុំវិញអត្ថាធិប្បាយរបស់ចិននាពេលនេះ ក្រុមប្រឹក្សាដែនសមុទ្រជាតិ និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីន មិនទាន់មានការឆ្លើយតបទេ។ កងនាវាចរទី ៧នៃកងទ័ពជើងទឹកអាមេរិក ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយដែរ៕