(ហុងកុង)៖ លទ្ធភាពដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ខ្ទាតចេញពីអំណាច បាន និងកំពុងបង្កការគំរាមកំហែងដល់ភាពរីកចម្រើននៅក្នុងទំនាក់ទំនងរវាងតូក្យូ និងសេអ៊ូល ខណៈក្រុមអ្នកវិភាគនិយាយថារដ្ឋាភិបាលជប៉ុន អាចនឹងត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូរគោលនយោបាយមួយ នៅក្រោមរដ្ឋាភិបាលរបស់មេដឹកនាំកូរ៉េខាងត្បូងថ្មីណាមួយដែលមានទំនោររិះគន់ តួនាទីរបស់ជប៉ុនក្នុងតំបន់ និងទំនាក់ទំនងរបស់ប្រទេសទាំង២ ក្នុងសម្ព័ន្ធភាពសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដំបូងឡើយគ្រោងនឹងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ដើម្បីពិភាក្សាជាមួយលោក Yoon អំពីបញ្ហាជាច្រើនក្នុងនោះរួមទាំងមានបញ្ហាសន្តិសុខរួមតែម្ដង នៅខែមករា ឆ្នាំ២០២៥។ តូក្យូ និងសេអ៊ូល បានយល់ព្រមផ្សះផ្សារទំនាក់ទំនងនឹងគ្នាឡើងវិញ ដោយកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក Yoon សុខចិត្តបំភ្លេចគំនុំប្រវត្តិសាស្ត្របន្សល់ទុកពី សម័យអាណានិគមមួយឡែកសិន។ តែដោយសារភាពមិនច្បាស់លាស់ចំពោះតំណែងជាប្រធានាធិបតីរបស់លោក Yoon បន្ទាប់ពីការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកបរាជ័យ ដំណើរទស្សនកិច្ចរបស់ លោក Ishiba ត្រូវបានពន្យារពេល ហើយគេកំពុងរង់ចាំមើលថាតើជំនួបរវាងមេដឹកនាំទាំង២ អាចកើតឡើងដែរឬក៏អត់? លោក Ishiba កាលពីថ្ងៃទី៨ ខែធ្នូ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ លោកបន្ថែមថាកូរ៉េខាងត្បូងជាអ្នកជិតខាងដ៏សំខាន់ រីឯគោលជំហររបស់លោកក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធគឺមិនមានអ្វីប្រែប្រួលទេ។
ក្រោយវិបត្តិនយោបាយនៅកូរ៉េខាងត្បូងផ្ទុះឡើងដោយសារការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីថ្ងៃទី៣ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកូរ៉េខាងត្បូង បានរាយការណ៍ពីលទ្ធភាព ដែលលោក Lee Jae-myung មេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង អាចក្លាយជាប្រធានាធិបតីថ្មីជំនួសលោក Yoon។ បើតាមក្រុមអ្នកវិភាគ ប្រសិនបើ រឿងបែបនេះកើតឡើងពិតមែន នោះវាអាចនឹងធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងទំនាក់ទំនងត្រីភាគរវាងប្រទេសទាំង២ជាមួយសហរដ្ឋអាមេរិកដែលត្រូវបានបង្កើត និងពង្រឹង ក្រោមអាណត្តិលោក ចូ បៃដិន ក្នុងការគោលបំណងទប់ទល់ជាមួយកូរ៉េខាងជើង និងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ «ជប៉ុនមានរឿងជាច្រើនត្រូវព្រួយបារម្ភ ក៏ព្រោះតែគោលនយោបាយមួយចំនួនធំ នៃរដ្ឋាភិបាលថ្មីណាមួយរបស់លោក Lee គឺនឹងមានលក្ខណៈតឹងរ៉ឹងបំផុត»។ នេះជាការយល់ឃើញរបស់លោក Stephen Nagy ជាសាស្ត្រាចារ្យខាងនយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពី សាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ។
អ្នកជំនាញរូបនេះសង្កត់ធ្ងន់ទៀតថា «លោក Lee បាននិយាយជាសាធារណៈថាលោកផ្ទាល់មើលឃើញថាជប៉ុនជា «រដ្ឋអរិភាព» ហើយរូបលោកចង់សើរើឡើងវិញនូវបញ្ហាប្រវត្តិសាស្ត្រដែលបានបង្កបញ្ហា ជាច្រើន នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ កាលពីអតីតកាល ក្នុងនោះដូចជាស្ត្រីកូរ៉េខាងត្បូងដែលត្រូវបានបង្ខំឱ្យបម្រើផ្លូវភេទសម្រាប់ទាហានជប៉ុន និងជនជាតិកូរ៉េខាងត្បូងដែលត្រូវបានបង្ខិតបង្ខំ ឱ្យធ្វើការ»។ លោក Nagy បន្ថែមថាបើនិយាយពីបញ្ហាសន្តិសុខវិញ លោក Lee បានចោទសួរដោយបើកចំហថាតើហេតុអ្វីបានជាគេត្រូវរករឿងចិន? ហើយដែលការកត់សម្គាល់បែបនេះបានបង្កឱ្យមាន ការព្រួយបារម្ភថាលោក Lee អាចនឹងដកកូរ៉េខាងត្បូង ចេញពីសម្ព័ន្ធភាពសន្តិសុខត្រីភាគី ក៏ដូចជានឹងមិនលូកដៃ ឬក៏ប្រកាន់យកជំហរណាមួយឡើយក្នុងករណីវិបត្តិយោធាណាមួយក្នុងតំបន់ផ្ទុះឡើង ឧទាហរណ៍ដូចជានៅតៃវ៉ាន់ជាដើម។
លើសពីនេះទៅទៀត បើតាមលោក Nagy គណបក្សប្រជាធិបតេយ្យរបស់លោក Lee ក៏ជឿជាក់ផងដែរថាការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង គឺជាមធ្យោបាយមួយអាចបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្សះផ្សារគ្នាដោយសន្តិវិធី។ គោលជំហរនេះធ្វើឱ្យជប៉ុនកាន់តែព្រួយបារម្ភ ស្របពេលកូរ៉េខាងជើងកាន់តែមានសមត្ថភាពយោធារីកច្រើនទៅមុខ និងមាន ទំនាក់ទំនងយោធាស្អិតល្មួតជាមួយរុស្ស៉ី។ ដូចគ្នាទៅនឹងលោក Nagy លោក Ryo Hinata-Yamaguchi ជាសាស្ត្រាចារ្យរងមកពីវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រអន្តរជាតិនៃសាកលវិទ្យាល័យ Tokyo International University បាននិយាយថាអ្វីដែលជប៉ុនព្រួយបារម្ភ គឺខ្លាចថាកិច្ចប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងទ្វេភាគីក្នុងពេលប៉ុន្មានឆ្នាំមកនេះក្លាយជាអសារបង់។ «តូក្យូភ័យខ្លាចថាគោលនយោបាយ ជាច្រើនរបស់លោក Yoon អាចនឹងត្រូវបានលុបចោលយ៉ាងងាយ»។ នេះបើតាមលោក Yamaguchi ដោយបន្ថែមថារដ្ឋបាលលោក Yoon មានទំនោររក្សាទំនាក់ទំនងល្អជាមួយជប៉ុន និងមិនសូវប្រកាន់ ជំហរប្រឆាំងតូក្យូ។ ដូច្នេះបើគោលនយោបាយរបស់លោក Yoon ត្រូវបានលុបចោល វានឹងធ្វើឱ្យជប៉ុនមានការសង្ស័យចំពោះអនាគតនៃទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ពីព្រោះថាវាអាចធ្វើឱ្យជប៉ុនយល់ថា តើមានន័យអ្វីទៅក្នុងការចុះកិច្ចព្រមព្រៀងតទៅទៀត ប្រសិនបើកិច្ចព្រមព្រៀងមុនៗត្រូវបានលុបចោល នៅពេលមានរដ្ឋាភិបាលថ្មីឡើងកាន់អំណាច។
គួរបញ្ជាក់ថា ការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ នៅខែមករាខាងមុខ និងភាពមិនច្បាស់លាស់នៃគោលនយោបាយសន្តិសុខរបស់លោកចំពោះតំបន់អាស៊ី ក៏កំពុងបង្កឱ្យមានការព្រួយបារម្ភសម្រាប់ ជប៉ុន និងកូរ៉េខាងត្បូង ផងដែរ។ ក្រុមអ្នកវិភាគដូចជាលោក Nagy យល់ថាខណៈជប៉ុនចង់រក្សាសម្ព័ន្ធភាពសន្តិសុខត្រីភាគី តូក្យូនៅតែបារម្ភថាលោក ត្រាំ អាចនឹងស្នើឱ្យតូក្យូ និងសេអ៊ូលបង់ថ្លៃការពារបន្ថែមដល់ កងទ័ពអាមេរិកកំពុងឈរជើងនៅទឹកដីនៃប្រទេសទាំង២។ ជប៉ុនអាចនឹងធ្វើតាមសំណើរបស់លោក ត្រាំ តែរដ្ឋាភិបាលកូរ៉េខាងត្បូងមួយដឹកនាំដោយបក្សប្រជាធិបតេយ្យ អាចនឹងជ្រើសរើសយកជម្រើសផ្សេង នោះគឺពង្រឹងទំនាក់ទំនងសន្តិសុខជាមួយចិន និងកូរ៉េខាងជើង។ បើតាមលោក Nagy លោក Lee និងគណបក្សប្រជាធិបតេយ្យ អាចនឹងមើលរំលងការគំរាមកំហែងពីកូរ៉េខាងជើង និងចិន នៅក្នុងតំបន់។ ក្នុងន័យនេះ បើលោក Lee ពិតជាក្លាយជាប្រធានាធិបតីមែន ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងអាចនឹងក្រឡាប់ចាក់ភ្លាមៗ ហើយអាចនឹងកាន់អាក្រក់ជាងជំនាន់លោក Moon Jae-in ទៅទៀត។ ម្យ៉ាង ជំនួសឱ្យការបន្តអនុវត្តតាមគោលនយោបាយរបស់លោក Yoon លោក Lee អាចនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីលុបបំបាត់មរតកនយោបាយរបស់លោក Yoon៕