(តេអេរ៉ង់)៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់បានយល់ព្រមឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹង នៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Fordow របស់ខ្លួន បន្ទាប់ពីអ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតខ្ពស់ ដែលជិតដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរាយការណ៍ថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិត ៦០% នៅរោងចក្រ Fordow ដែលជិតដល់កម្រិត ៩០% ដែលត្រូវការសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ សកម្មភាពនេះ ត្រូវបានប្រទេសលោកខាងលិច ចាត់ទុកថា ជាការបង្កហេតុ និងបង្កើនភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
IAEA បាននិយាយនៅក្នុងរបាយការណ៍មួយថា «អ៊ីរ៉ង់បានយល់ព្រមតាមសំណើរបស់ទីភ្នាក់ងារ ក្នុងការបង្កើនការត្រួតពិនិត្យ និងវិធានការការពារនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Fordow (FFEP)»។
គួរបញ្ជាក់ថា ការបង្កើនល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ បានបង្កើនភាពតានតឹងជាមួយលោកខាងលិច ដែលបានចោទអ៊ីរ៉ង់ពីបទបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ប៉ុន្តែ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕