(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបានផ្លាស់ប្តូរជំហររបស់លោកពីការចុះចាញ់ទៅជាការតស៊ូ ក្នុងការការពារការប្រកាសច្បាប់អាជ្ញាសឹករបស់លោក បានបង្កឱ្យមានការបែកបាក់គ្នា ក្នុងចំណោមគណបក្សកាន់អំណាចរបស់លោក គឺគណបក្សអំណាចប្រជាជន (PPP) ដោយសមាជិកសភាមួយចំនួន បា​នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាមួយ មុនការបោះឆ្នោតចោទប្រកាន់លោកជាលើកទី២ ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ លោក Yoon នៅបន្តវាយប្រហារបក្សប្រឆាំង ដោយចោទប្រកាន់ពួកគេថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» និងបានឃុបឃិតជាមួយកូរ៉េខាងជើង។ លោក Yoon ក៏បានការពារការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដោយអះអាងថា វាជាចលនាចាំបាច់ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។

សុន្ទរកថារបស់លោក Yoon បានបង្កឱ្យមានការចាប់អារម្មណ៍ និងការពិភាក្សាគ្នាយ៉ាងទូលំទូលាយ នៅលើបណ្តាញ YouTube និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ មនុស្សជាច្រើន បានកត់សម្គាល់ពីការផ្លាស់ប្តូរឥរិយាបថរបស់លោក ពីការសុំទោសនិងការចុះញ៉ម ទៅជាការវាយប្រហារ និងការតស៊ូ។ ការផ្លាស់ប្តូរនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចម្រូងចម្រាស ក្នុងចំណោមអ្នកនយោបាយ និងសាធារណជន។

មូលហេតុ ដែលលោក Yoon ផ្លាស់ប្តូរឥរិយាបថពីការចុះញ៉មទៅជាការតស៊ូ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ លោក Yoon មិនបានគាំទ្រសំណើ របស់មេដឹកនាំគណបក្ស ដែលឱ្យលោកលាលែងពីតំណែង និងប្រគល់អំណាចឱ្យនាយករដ្ឋមន្រ្តីនោះទេ។

ទោះជាយ៉ាងណា ការប្រកាសតស៊ូបស់លោក Yoon ដល់ទីបញ្ចប់នេះ បានបង្កឱ្យមានការបែកបាក់ នៅក្នុងគណបក្សរបស់លោក។ ការបែកបាក់គ្នានេះ បង្ហាញពីភាពមិនច្បាស់លាស់ នៃអនាគតនយោបាយរបស់លោក Yoon និងអស្ថិរភាពនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង កំពុងរៀបចំការបោះឆ្នោតដកតំណែងលោក Yoon Suk Yeol នៅសភាជាលើកទី២ ដែលត្រូវបានរំពឹងថាអាចនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕