Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីយោធាជាន់ខ្ពស់អាមេរិក ទៅពិនិត្យមើលការដកទាហានអ៉ីស្រាអែលចេញពីលីបង់ លើកដំបូង

12-12-2024 11:55

(វ៉ាស៉ីនតោន)៖ ទីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) បានឱ្យដឹងថា មន្រ្តីយោធាកំពូលមួយរបស់សហរដ្ឋអាមេរិក បានទៅកាន់ទីក្រុងបេរូត កាលពីថ្ងៃពុធសប្តាហ៍នេះ ត្រួតពិនិត្យការដកទ័ពអ៉ីស្រាអែលលើកដំបូង ចេញពីប្រទេសលីបង់ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២៤។

CENTCOM បានប្រកាសតាមបណ្តាញសង្គម X ដូច្នេះថា «លោក Michael Kurilla មេបញ្ជាការនៃ CENTCOM បានទៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងបេរូត និងបានជួបមេបញ្ជាការកងកម្លាំងប្រដាប់អាវុធលីបង់ លោក Joseph Aoun។ លោក Kurilla ទៅទីនោះ ដើម្បីត្រួតពិនិត្យការដកកងទ័ពអ៉ីស្រាអែល ដែលកំពុងដំណើរការ និងការដាក់កងកម្លាំងប្រដាប់អាវុធលីបង់ នៅទីក្រុង Al Khiam ប្រទេសលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់»។ នាឱកាសនោះ លោក Kurilla គូសបញ្ជាក់ថា «នេះជាជំហានដំបូងដ៏សំខាន់មួយ ជុំវិញដំណើរការអនុវត្តដើម្បីបញ្ឈប់អរិភាព និងជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការទៅមុខទៀត»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបារាំងជាអ្នកសម្របសម្រួល ឱ្យមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ ហើយត្រូវតាមដានមើលប្រសិទ្ធភាពនៃការអនុវត្ត។ ក្រោមបទឈប់បាញ់នេះ ហេសបូឡា នឹងចាកចេញពីទីតាំងរបស់ពួកគេ នៅភាគខាងត្បូងលីបង់ ទៅកាន់ភាគខាងជើងទន្លេ Litani ដែលនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនជាមួយអ៉ីស្រាអែល៕