(សេអ៊ូល)៖ គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះការប៉ុនប៉ងទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ជុំវិញ ការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលបានបង្កទៅជាវិបត្តិនយោបាយ និងការខឹងសម្បារពីប្រជាជននៅក្នុងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គណបក្សអំណាចប្រជាជន People Power Party ឬហៅកាត់ថា PPP ដែលជាបក្សកាន់អំណាចរបស់លោក Yoon បានធ្វើពហិការចូលរួមក្នុងការបោះឆ្នោតចោទប្រកាន់ ដកតំណែងលោក Yoon កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសង្ឃឹមថាលោកប្រធានាធិបតីអាចនឹងលាលែងចេញពីតំណែងដោយខ្លួនឯង។ ប៉ុន្តែ មេដឹកនាំបក្ស PPP បាន ទទួលស្គាល់ថាការព្យាយាមបញ្ចុះបញ្ចូលលោក Yoon គឺគ្មានប្រសិទ្ធភាពនោះទេ។ «យើងបានព្យាយាមស្វែងរកមធ្យោបាយល្អប្រសើរ ជាងការបោះឆ្នោតដកតំណែង ប៉ុន្តែ មធ្យោបាយផ្សេងពីនេះគឺគ្មានប្រសិទ្ធភាពឡើយ»។ នេះជាការគូសបញ្ជាក់របស់មេដឹនាំគណបក្ស PPP លោក Han Dong-hoon ដោយបន្ថែមថា «ការព្យួរតំណែង ប្រធានាធិបតីពីតួនាទីរបស់លោកតាមរយៈការបោះឆ្នោតដកតំណែង គឺជាមធ្យោបាយតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដើម្បីការពារប្រជាធិបតេយ្យ និងសាធារណរដ្ឋ (កូរ៉េ)»។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង កំពុងរៀបចំការបោះឆ្នោតដកតំណែងលោក Yoon Suk Yeol នៅសភាជាលើកទី២ ដែលត្រូវបានរំពឹងថាអាចនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕