(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ បាននិយាយថាការសម្រេចចិត្តប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកគឺជា សកម្មភាពស្របច្បាប់ ដើម្បីការពារប្រជាធិបតេយ្យ ហើយតាំងចិត្តថានឹងតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយបែបនេះរបស់លោក Yoon ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ និងចំពេលរូបលោកកំពុងប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ ដកតំណែងជាលើកទី២ នៅឯសភា ដែលត្រូវបានរំពឹងថាអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មួយសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតកាលពីលើកទី១ បានទទួល បរាជ័យ ដោយសារតែបក្សកាន់អំណាចរបស់លោក Yoon ពហិការចូលរួមការបោះឆ្នោតនេះ។ «ខ្ញុំនឹងតស៊ូរហូតដល់ទីបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក Yoon នៅចុងបញ្ចប់នៃសុន្ទរកថារបស់លោក។ លោក Yoon ក៏បានអះអាងផងដែរថាកូរ៉េខាងជើងបាន Hack ចូលការបោះឆ្នោតរបស់កូរ៉េខាងត្បូង និងនៅតែបន្តហៅ គណបក្សប្រឆាំងថា «កងកម្លាំងប្រឆាំងរដ្ឋ»។
គួរបញ្ជាក់ថា លោក Yoon Suk Yeol កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក មិនបាន សម្រេច កាលពីថ្ងៃទី៣ ខែធ្នូ ដែលបង្កឱ្យភាពចលាចលនយោបាយនៅកូរ៉េខាងត្បូង។ លោក យូន ក៏ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសផងដែរ៕