(ដាម៉ាស)៖ មេដឹកនាំក្រុមឧទ្ទាមស៊ីរី លោក Abu Mohammed al-Golani បានប្រកាសថា ជនណាដែលពាក់ព័ន្ធនឹងការធ្វើទារុណកម្ម ឬសម្លាប់អ្នកជាប់ឃុំ ក្នុងអំឡុងពេលការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Bashar al-Assad នឹងត្រូវតានចាប់មកផ្តន្ទាទោស។ លោកបានបញ្ជាក់ថា នឹងមិនមានការលើកលែងទោស សម្រាប់ជនល្មើសទាំងនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Abu Mohammed al-Golani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញ Telegram របស់ទូរទស្សន៍រដ្ឋស៊ីរី ថា «យើងនឹងតាមចាប់ពួកគេនៅក្នុងប្រទេសស៊ីរី ហើយយើងស្នើឱ្យប្រទេសនានាប្រគល់អ្នកដែលបានភៀសខ្លួនចេញមក (ទទួលការផ្តន្ទាទោស) ដើម្បីយើងអាចទទួលបានយុត្តិធម៌»។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាម ដែលដឹកនាំដោយ Hayat Tahrir al-Sham (HTS) បានផ្តួលរំលំរដ្ឋាភិបាលលោក Assad និងកំពុងគ្រប់គ្រងប្រទេសស៊ីរី។ សហគមន៍អន្តរជាតិ កំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសស៊ីរីយ៉ាងដិតដល់ និងមានការព្រួយបារម្ភ អំពីស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេសនេះ។

គួរបញ្ជាក់ថា ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ដើម្បីមើលថាតើមេដឹកនាំថ្មីរបស់ស៊ីរី អាចនាំមកនូវស្ថិរភាព និងសន្តិភាព បន្ទាប់ពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានបំផ្លិចបំផ្លាញប្រទេស អស់រយៈពេលជាង ១៣ឆ្នាំ ដែរឬទេ។ ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលធ្លាប់ជាសាខារបស់អាល់កៃដា ឥឡូវនេះបានក្លាយជាកម្លាំងដ៏មានឥទ្ធិពល នៅក្នុងប្រទេសស៊ីរី។ ពួកគេត្រូវតែរក្សាតុល្យភាព រវាងការទាមទារយុត្តិធម៌ សម្រាប់ជនរងគ្រោះ និងការបញ្ចប់អំពើហិង្សា ដើម្បីទទួលបានការគាំទ្រ ពីសហគមន៍អន្តរជាតិ៕