(តូក្យូ)៖ វាមើលទៅហាក់ដូចជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើរឿងមួយដូចដែលកំពូលអ្នកយុទ្ធសាស្ត្រយោធាចិន ជូកឺ លៀង (Zhuge Liang) ធ្លាប់បានធ្វើដាក់មេទ័ពម្នាក់ដែលលោកជឿទុកចិត្តជាងគេបំផុត គឺម៉ាស៊ូ (Ma Su) កាលពីជិត ២០០០ឆ្នាំមុន។ នៅក្នុងសម័យនគរ៣ ឬសាមកុក (Three Kingdoms) ជូកឺ លៀងដែលនៅពេលនោះកាន់តំណែងទីប្រឹក្សា និងក្រោយមក ក្លាយជាឧបរាជរបស់នគរស៊ូ លោកបានសម្រក់ទឹកភ្នែក នៅពេលបញ្ជាឱ្យគេយកម៉ាស៊ូ ទៅប្រហារជីវិត ដោយសារតែបានបំពានច្បាប់ទ័ពធ្ងន់ធ្ងរមិនអាចលើកលែងឱ្យបាន។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិចិន បានធ្វើសេចក្ដីប្រកាសដ៏ភ្ញាក់ផ្អើលនៅឯសន្និសីទសារព័ត៌មានមួយថាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ លោក Miao Hua ត្រូវបានព្យួរតំណែងក្រោម ការសង្ស័យថាបានបំពានវិន័យធ្ងន់ធ្ងរ។ លោក Miao មានអាយុ ៦៩ឆ្នាំ គឺជាសមាជិកមួយរូបនៃគណៈកម្មការយោធាមជ្ឈិមចិន ហៅកាត់ថា CMC និងជានាយកនៃនាយកដ្ឋានការងារនយោបាយរបស់ CMC។ លោកជាឧត្តមសេនីយ៍ម្នាក់ដែលមានតួនាទីខ្ពស់បំផុតនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន PLA។ CMC វិញគឺជាស្ថាប័នយោធាកំពូលបំផុតរបស់ចិនដែលគ្រប់គ្រងលើកងទ័ព PLA ហើយតំណែងជាប្រធាននាយកដ្ឋានការងារ នយោបាយ ជាតំណែងដ៏សំខាន់មួយនៅក្នុងជួរយោធា ក៏ព្រោះតែតំណែងនេះទទួលខុសត្រូវលើការគ្រប់គ្រងលើស្ថាប័ន និងកិច្ចការកងទ័ព រួមទាំងមនោគមន៍វិជ្ជានយោបាយ ជាពិសេសគឺផ្សព្វផ្សាយមនោគន៍វិជ្ជា ផ្ទាល់របស់លោក ស៊ី ជីនពីងតែម្ដង។

លោក Miao ជាមនុស្សម្នាក់ដែលត្រូវបានគេមើលឃើញថាមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយលោក ស៊ី ជីនពីង។ គណៈកម្មការយោធាមជ្ឈិមចិន ឬ CMC មានសមាជិក ៦រូបគត់ ក្នុងនោះរួមមានទាំងលោក ស៊ី ជីនពីង ហើយពួកគេជាអ្នកសម្រេចចិត្តលើគ្រប់កិច្ចការធំៗពាក់ព័ន្ធនឹងយោធា។ ជាការពិតណាស់ ទោះជាលោក ស៊ី ជីនពីងកំពុងក្ដាប់អំណាចពេញដៃក៏ដោយ ក៏លោកនៅតែមានការព្រួយបារម្ភថាតើយោធាចិនមានភក្ដីភាព ចំពោះរូបលោកធំប៉ុនណា? PLA មានសាខាជាច្រើនដូចជាកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត។ លោក ស៊ី ជីនពីង បានតែងតែលោក Miao ឱ្យកាន់មុខតំណែងក្នុង CMC ប្រៀបដូចជា ភ្នែកចម្រុះរបស់លោក និងដើម្បីគ្រប់គ្រងខាងនយោបាយលើសាខាទាំងអស់របស់​ PLA។ ប៉ុន្តែលោកមិនអាចបន្តធ្វើជាខែលការពារលោក Miao ឡើយ។

គួរឱ្យកត់សម្គាល់ទៅទៀតនោះ លោក Miao មានដើមកំណើតមកពីខេត្ត Fujian និងជាសមាជិកស្នូលដ៏សំខាន់មួយនៃក្រុមអ្នកនយោបាយមកពីខេត្ត Fujian។ នៅស្រុកចិន ក្រុមអ្នកនយោបាយធំបំផុតមានចំនួន២ នោះគឺក្រុមអ្នកនយោបាយមកពីខេត្ត Fujian និងក្រុមអ្នកនយោបាយមកពីខេត្ត Zhejiang។ ដូច្នេះហើយទើបការព្យួរតំណែងលោក Miao ជារឿងដ៏ភ្ញាក់ផ្អើល ដ្បិតវាកើតឡើងចំពេលក្រុមអ្នកនយោបាយនៃខេត្ត Fujian កំពុងមានឥទ្ធិពលខ្លាំងជាងក្រុមអ្នកនយោបាយមកខេត្ត Zhejiang។ មកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់នោះទេថាតើលោក Miao បានបំពានធ្ងន់ធ្ងរលើវិន័យអ្វីឱ្យប្រាកដ ស្របពេលមានការសង្ស័យថាអាចមាន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចាប់តាំងពីឡើងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិនកាលពីឆ្នាំ២០១២ លោក ស៊ី ជីនពីង បានប្រើកណ្ដាប់ដៃដែកក្នុងការដឹកនាំយុទ្ធនាការកម្ចាត់អំពើពុករលួយ។ តែអំពើ ពុករលួយនៅតែមានក្នុងជួរយោធាចិនមកទល់នឹងពេលនេះ។

ព្រមពេលជាមួយគ្នាដែរ សំណុំរឿងរបស់លោក Miao និងការបង្រ្កាបលើក្រុមមន្ត្រីយោធាជាន់ខ្ពស់ដែលសង្ស័យថាប្រព្រឹត្តអំពើពុករលួយ ហាក់មាននិយមន័យខុសគ្នា។ កន្លងមក លោក ស៊ី ជីនពីង បានប្រើយុទ្ធនាការ កម្ចាត់អំពើពុករលួយ ដើម្បីបោសសម្អាតមន្ត្រីយោធាជាន់ខ្ពស់ទាំងឡាយណាដែលលោកមើលឃើញថាមិនមានភាពស្មោះត្រង់ចំពោះរូបលោក តែមិនដែលបានបោះបង់ចោលមន្ត្រីដែលលោកជឿទុកចិត្តបំផុតនោះទេ។ ម្លោះហើយ តើនរណាជាអ្នករាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធអំពីការសង្ស័យថាលោក Miao បំពានវិន័យធ្ងន់ធ្ងរ? បើតាមក្រុមអ្នកជំនាញតាមដានយុទ្ធនាការកម្ចាត់អំពើពុករលួយរបស់លោក ស៊ី ជីនពីង ក្រុមអ្នកនយោបាយមួយចំនួនដែលមិនមានទំនាក់ទំនងជិតសិ្នទ្ធជាមួយលោក ស៊ី ជីនពីង ប្រហែលជាអ្នកលើកឡើងពីការចោទប្រកាន់ប្រឆាំងលោក Miao ដែលធ្វើឱ្យលោកប្រធានាធិបតីចិន ពិបាកបិទភ្នែកមួយចំហៀង បើកភ្នែកមួយចំហៀង។ ប្រសិនបើការលើកឡើងបែបនេះជាការពិតមែន នោះមានន័យយ៉ាងសមហេតុសមផលថាឱ្យតែមន្ត្រីប្រព្រឹត្តអំពើពុករលួយ មិនថាស្និទ្ធិជាមួយលោក ស៊ី ជីនពីងកម្រិតណានោះទេ គឺត្រូវតែទទួល ខុសចំពោះមុខច្បាប់ទាំងអស់។ ម្យ៉ាងវិញទៀត វាក៏អាចសន្មត់បានដែរថាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលអំពីលោក Miao គឺធ្វើឡើងតាមបញ្ជា និងមានការណែនាំដោយផ្ទាល់ពីលោក ស៊ី ជីនពីង។ ពីព្រោះថាវាមិនអាចទៅរួច ទេដែលត្រឹមអ្នកនាំពាក្យម្នាក់ហ៊ានធ្វើសេចក្ដីប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក និងបរទេសថា មន្ត្រីយោធាកំពូលម្នាក់ត្រូវបានដាក់ពិន័យ។

តែទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កាសែតចិន People's Daily បានចុះផ្សាយអត្ថបទយ៉ាងវែងអន្លាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua អំពីសន្និសីទសារព័ត៌មានថាបានលើកឡើងត្រឹមតែ ការដាក់ពិន័យលើលោក Miao ប៉ុណ្ណោះ។ នៅក្នុងប្រទេសចិន ពាក្យពេចន៍ដែលត្រូវបានប្រើក្នុងសេចក្ដីថ្លែងការណ៍គឺជារឿងសំខាន់បំផុត។ ជាក់ស្ដែង នៅក្នុងពេលប្រកាសពីការព្យួរតំណែងលោក Miao សេចក្ដីថ្លែងការណ៍ មានប្រើពាក្យជាភាសាចិន «jiancha» ឬមានន័យថា «ធ្វើអធិការកិច្ច ឬត្រួតពិនិត្យ» ជាជាងការប្រើប្រាស់ពាក្យ «diaocha» ដែលមានន័យថា «ស៊ើបអង្កេត»។

ជាធម្មតា នៅពេលសមាជិកបក្សកុម្មុយនិស្តចិនប្រព្រឹត្តខុស ឬបំពានវិន័យធ្ងន់ធ្ងរ សេចក្ដីប្រកាសរបស់ចិនតែងតែប្រើប្រាស់ពាក្យ «diaocha» ដែលមានន័យថា «ស៊ើបអង្កេត» ហើយការប្រើពាក្យនេះទៀតសោត អាច បញ្ជាក់បានថាអាជ្ញាធរចិនមានផែនការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើអ្នកដែលបំពាន។ ជូ កឺលៀង បានសម្រក់ទឹកភ្នែកនៅពេលបញ្ជាឱ្យគេយកម៉ាស៊ូ ទៅប្រហារជីវិត។ ប៉ុន្តែនៅលើកនេះការប្រើប្រាស់ពាក្យ jiancha» ឬមាន ន័យថា «ធ្វើអធិការកិច្ច ឬត្រួតពិនិត្យ» ហាក់សន្មត់ថាលោក Miao ប្រហែលជាមិនចាំបាច់ទទួលទណ្ឌកម្ម ឬរងការពិន័យធ្ងន់ធ្ងរដូចជាទោសជាប់ពន្ធនាគារអស់មួយជីវិត ឬក៏ប្រហារជីវិត នោះទេ។

រឿងរ៉ាវរបស់លោក ជូ កឺលៀង បញ្ជាឱ្យគេយកម៉ាស៊ូ ទៅប្រហារជីវិត ជាការនិទានប្រាប់ឡើងវិញពី «វីរភាព»។ ប៉ុន្តែ គេត្រូវរង់ចាំមើលថាតើការសម្រេចចិត្តព្យួរតំណែងលោក Miao របស់លោក ស៊ី ជីនពីង អាចនឹងត្រូវបាន ចងចាំទុកជាវីរភាព ដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ថា កន្លងមក មន្ត្រីយោធាជាន់ខ្ពស់ដែលត្រូវបានបោសសម្អាត នៅក្នុងយុទ្ធនាការកម្ចាត់អំពើពុករលួយ របស់លោក ស៊ី ជីនពីង ត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានដូចជាលោក Guo Boxiong និងលោក Xu។ លោក Guo និងលោក Xu សុទ្ធតែធ្លាប់កាន់តំណែងជាអនុប្រធាន CMC។ លោក Guo ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត រីឯលោក Xu បានស្លាប់ដោយសារជំងឺមហារីក អំឡុងពេលជាប់ឃុំ ក្រោយត្រូវបានបណ្ដេញចេញពីគណបក្សកម្មុយនិស្ដចិន។ តែទាំងលោក Guo និងលោក Xu មិនមែនជាមនុស្សមានទំនាក់ទំនងជិតស្និទ្ធ និងស្មោះត្រង់ចំពោះលោក ស៊ី ជីនពីងឡើយ៕