(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថា អ៉ីស្រាអែលមានបំណង ប្រកាសដាក់តំបន់ស នៅភាគខាងត្បូងប្រទេសស៉ីរី ជាទីដែលគ្មានវត្តមានទ័ពអចិន្ត្រៃយ៍ ខណៈយោធាអ៉ីស្រាអែលនិយាយថា ការវាយប្រហារតាមអាកាសជាច្រើនលើក បានបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្រ របស់ស៊ីរីភាគច្រើន។ នេះបើយោងតាមការចេញផ្សយាដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០២៤។
៤៨ម៉ោង ក្រោយរបបលោកប្រធានាធិបតី Bashar al-Assad ដួលរលំ យោធាអ៉ីស្រាអែលនិយាយថា យន្តហោះពួកគេ បានវាយប្រហារច្រើនជាង ៣៥០លើក ទៅលើគោលដៅនានា រួមទាំងអាវុធប្រឆាំងយន្តហោះ ព្រលានយន្តហោះយោធា ទីតាំងផលិតអាវុធ យន្តហោះប្រយុទ្ធ និងមីស៉ីល។ បន្ថែមពីនេះ មីស៉ីលបាញ់ចេញពីនាវាចម្បាំង ក៏បានវាយប្រហារលើ រចនាសម្ព័ន្ធកំពង់ផែ Al-Bayda និងកំពង់ផែ Latakia របស់ស៉ីរីផងដែរ។
នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានបញ្ជាក់ថា «យើងគ្មានចេតនាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ស៉ីរីទេ ប៉ុន្តែយើងចាំបាច់ត្រូវធានាសន្តិសុខ។ ខ្ញុំបានអនុញ្ញាតឱ្យកងកម្លាំងទ័ពអាកាសទម្លាក់គ្រាប់បែក លើសមត្ថភាពយោធាយុទ្ធសាស្ត្រ ដែលកងទ័ពស៉ីរីបន្សល់ទុក ដើម្បីកុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមជីហាដ»។
គួរបញ្ជាក់ថា ការវាយប្រហាររបស់យោអ៉ីស្រាអែល ត្រូវភាគច្រើនលើឃ្លាំងស្តុកអាវុធយុទ្ធសាស្រ្តភាគច្រើនរបស់ស៉ីរី ដូចជានៅក្នុងទីក្រុងដាម៉ាស Homs, Tartus, Latakia និង Palmyra។ ក្នុងនោះ មីស៉ីលគ្រូស Scud យន្តហោះដ្រូន ជើងទម្រ និងទីតាំងបាញ់សម្រាប់ធ្វើការបាញ់ចេញ ត្រូវបានបំផ្លាញ៕