(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែធ្នូ នៅពេលជួបសន្ទនាជាមួយអ្នកទទួលខុសត្រូវ នៃអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដែលបានអញ្ជើញទៅដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំសន្ទនា "១+១០" លោកXi Jinping ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញ ការបើកចំហដោយកម្រិតខ្ពស់ នឹងមិនកែប្រែទេ។

កាលពីថ្ងៃទី ៩ ខែធ្នូ លោកLi Qiang នាយករដ្ឋមន្ត្រីចិន ក៏បានថ្លែងក្នុងពេលបើកធ្វើកិច្ចប្រជុំសន្ទនា "១+១០" ជាមួយអ្នកទទួលខុសត្រូវ នៃអង្គការសេដ្ឋកិច្ចអន្តរជាតិពាក់ព័ន្ធ នៅទីក្រុងប៉េកាំងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ប្រកបដោយភាពរឹងមាំ និងស្ថិរភាព។

បញ្ញវន្តនិងអ្នកជំនាញប្រទេសចិនជាច្រើនរូប ដែលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ច និងនយោបាយអន្តរជាតិបានថ្លែងថា កិច្ចប្រជុំសន្ទនា "១+១០" បានបើកធ្វើនៅខណៈពេលដ៏សមរម្យ។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខ នឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយឯកតោភាគីនិយម និងការគាំពារនិយមកំពុងងើបឡើងវិញយ៉ាងខ្លាំង ប្រទេសចិនចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការពារពាណិជ្ជកម្មសេរី និង សកលភាវូបនីយកម្មសេដ្ឋកិច្ច។

តាមទិន្នន័យស្ថិតិជាច្រើនបង្ហាញថា ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ជាមួយអត្រារួមចំណែកប្រហែល ៣០% ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ ប្រទេសចិនមានជំនឿចិត្តពេញលេញ ក្នុងការសម្រេចបាន នូវគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន នៅឆ្នាំ២០២៤នេះ ហើយនឹងបន្តដើរតួនាទីជា “ក្បាលម៉ាស៊ីន” សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន