(វ៉ាស៊ីនតោន)៖ តំបន់អាកទិក ដែលសម្បូរទៅដោយធនធានធម្មជាតិ និងស្ថិតនៅចន្លោះមជ្ឈមណ្ឌលសំខាន់ៗរបស់ពិភពលោក កំពុងក្លាយជាចំណុចកណ្តាលនៃការប្រកួតប្រជែង រវាងប្រទេសមហាអំណាច ដើម្បីសាកល្បងយុទ្ធសាស្រ្ត និងសមត្ថភាពរបស់ខ្លួន។ ការអភិវឌ្ឍតំបន់អាកទិកនេះ មិនត្រឹមតែទាមទារ ការបង្កើតមូលដ្ឋានផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារ ការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញ ដូចជា ទីជម្រក ការដឹកជញ្ជូន និងភស្តុភារ ដើម្បីគាំទ្រដល់សកម្មភាពនៅក្នុងតំបន់នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Business Times។

គោលនយោបាយដាក់ទណ្ឌកម្មរបស់អាមេរិក ដែលផ្តោតលើគម្រោងប្រេង និងឧស្ម័នរបស់រុស្ស៊ីនៅតំបន់អាកទិក បង្ហាញពីការប្រកួតប្រជែងក្នុងការទាញយកធនធាននៅក្នុងតំបន់នេះ។ គោលដៅជាក់លាក់នៃទណ្ឌកម្មនេះ បានបង្ហាញពីការពិតនៃការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តាច់មុខធនធានរ៉ែរបស់ផែនដី។

យុទ្ធសាស្រ្តរបស់អាមេរិកចំពោះតំបន់អាកទិក បង្ហាញពីភាពមិនច្បាស់លាស់ និងមានលក្ខណៈឈ្លានពាន។ សហរដ្ឋអាមេរិកទទួលស្គាល់ការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ និងមានបំណងចង់ទប់ស្កាត់ប្រទេសដទៃទៀត ដូចជា ដាណឺម៉ាក កាណាដា និងរុស្ស៊ី ដើម្បីដណ្តើមយកធនធាននៅទីនោះ។ ជាក់ស្តែង សហរដ្ឋអាមេរិកបានពង្រីកការទាមទាររបស់ខ្លួន ទៅលើតំបន់ដែលគេហៅថា «ខ្ពង់រាបទ្វីប» ដែលមានផ្ទៃដីប្រហែល ១លានគីឡូម៉ែត្រការ៉េ ដែលភាគច្រើនស្ថិតនៅតំបន់អាកទិក និងសមុទ្រ Bering។ តំបន់នេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ កាន់តែខ្លាំងឡើង ព្រោះវាសម្បូរទៅដោយធនធានធម្មជាតិ ដូចជា រ៉ែ និងធាតុដ៏កម្រ ដែលចាំបាច់សម្រាប់ផលិតថាមពលស្អាត និងបន្ទះឈីប ដែលប្រើក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លើសពីនេះ តំបន់នេះក៏ជាជម្រកដ៏សំខាន់ សម្រាប់សត្វសមុទ្រ ដូចជា ក្តាម និងផ្កាថ្ម ផងដែរ។

ការប្រកាសរបស់សហរដ្ឋអាមេរិក ក្នុងការទាមទារកម្មសិទ្ធិ លើតំបន់ដែលសម្បូរធនធាន នៅតំបន់អាកទិក ត្រូវបានអ្នកជំនាញយល់ឃើញថា ជាការបំពានច្បាប់អន្តរជាតិ។ នេះកើតឡើងដោយសារ សហរដ្ឋអាមេរិកមិនបានផ្តល់សច្ចាប័ន លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រដែលកំណត់ពីដំណើរការ សម្រាប់ការទាមទារទៅលើតំបន់ខ្ពង់រាបទ្វីបនោះទេ។

សហរដ្ឋអាមេរិក កំពុងព្យាយាមពង្រីកឥទ្ធិពល និងទាមទារកម្មសិទ្ធិ លើតំបន់អាកទិក តាមរយៈការបង្កើនវត្តមានយោធា និងសេដ្ឋកិច្ច ដែលពួកគេជឿជាក់ថា នឹងបង្កើតគុណសម្បត្តិ ឬឱកាសសម្រាប់ពួកគេក្នុងការប្រើប្រាស់ផ្លូវសមុទ្រខាងជើង។ តាមរយៈសកម្មភាពរបស់ខ្លួននេះ បង្ហាញថាសហរដ្ឋអាមេរិកកំពុងព្យាយាមកាត់បន្ថយតំបន់ដែនសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍អន្តរជាតិ ហើយដណ្តើមយកតំបន់នោះ សម្រាប់តែខ្លួនឯង។ សកម្មភាពនេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ ដែលទាមទារឱ្យមានការចរចា និងកិច្ចព្រមព្រៀងរវាងប្រទេសនានា។

ទន្ទឹមគ្នានេះ សកម្មភាពរបស់អាមេរិកក្នុងការពង្រីកតំបន់ខ្ពង់រាបទ្វីប នៅសមុទ្រ Barents និង Chukchi មិនមានមូលដ្ឋានផ្លូវច្បាប់ និងឆ្លុះបញ្ចាំងពីគោលដៅអាត្មានិយមរបស់រដ្ឋបាលសេតវិមាន។ មិនដូចរុស្ស៊ី ដែលបានផ្តល់ភស្តុតាង និងការសិក្សា ដើម្បីបញ្ជាក់ពីការទាមទាររបស់ខ្លួន អាមេរិក មិនអាចផ្តល់ភស្តុតាងបែបនេះបានទេ។ ដូច្នេះ មានការសង្ស័យអំពីភាពស្របច្បាប់ នៃការទាមទាររបស់អាមេរិក នៅក្នុងតំបន់អាកទិក។

អ្នកវិភាគខ្លះយល់ថា ការដែលអាមេរិកអះអាងកម្មសិទ្ធិលើតំបន់អាកទិក គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី តាមរយៈការប្រើប្រាស់យន្តការអន្តរជាតិដើម្បីដាក់សម្ពាធលើរុស្ស៊ី ដែលបង្កើនភាពតានតឹង នៅក្នុងតំបន់។

អ្នកជំនាញ បានរិះគន់យុទ្ធសាស្រ្តរបស់អាមេរិក និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់អាកទិក។ ពួកគេជឿជាក់ថា ការប្រកួតប្រជែង និងជម្លោះនឹងមិននាំមកនូវផលប្រយោជន៍ ដល់ភាគីណាមួយឡើយ ហើយអាចនាំឱ្យមានផលវិបាកអវិជ្ជមានដល់បរិស្ថាន និងសន្តិសុខក្នុងតំបន់ទាំងមូល។

ទន្ទឹមគ្នានេះ ពួកគេបានសង្កត់ធ្ងន់ថា «តំបន់អាក់ទិកកំពុងក្លាយជាកន្លែងប្រឈមមុខគ្នាថ្មីរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក» ...ប៉ុន្តែ ការប្រឈមមុខគ្នានេះ មិនមានប្រយោជន៍សម្រាប់តំបន់អាកទិក និងសម្រាប់ពិភពលោកទាំងមូលនោះទេ។ កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា រវាងប្រទេសទាំងអស់ ទើបជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់អាកទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ សហរដ្ឋអាមេរិកគួរតែផ្តល់សច្ចាប័ន លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និងគោរពច្បាប់អន្តរជាតិ។ សហរដ្ឋអាមេរិក ក៏គួរតែបញ្ឈប់ការប្រកួតប្រជែង និងផ្តោតលើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដទៃទៀត ដើម្បីផលប្រយោជន៍រួម៕