(ដាម៉ាស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមឧទ្ទាមស៉ីរី លោក Abu Mohammed al-Jolani បានប្តេជ្ញាថា ប្រទេសមជ្ឈិមបូព៌ា ដែលហែរហួរដោយសង្រ្គាមមួយនេះ នឹងមិនប្រឈមមុខជាមួយសង្រ្គាមថ្មីទៀត ក្រោយការផ្តួលរំលំរបបប្រធានាធិបតី លោក Bashar al Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងបទសម្ភាសមួយជាមួយ សារព័ត៌មានលោកខាងលិច Sky News មេដឹកនាំក្រុមឧទ្ទាមរូបនោះ បានលើកឡើងថា ជម្លោះច្រើនឆ្នាំមកនេះ បានធ្វើឱ្យគ្រប់គ្នានឿយហត់រួចទៅហើយ ហេតុដូច្នេះស៉ីរីមិនអាចទទួលរងសង្រ្គាមថ្មីផ្សេងទៀតទេ ហើយនឹងមិនធ្លាក់ទៅក្នុងសង្រ្គាមថ្មីឡើយ។ លោក Abu Mohammed al-Jolani បានបន្តថា ប្រទេសស៉ីរី នាពេលនេះ កំពុងឆ្ពោះទៅរកការអភិវឌ្ឍ ការស្ថាបនាឡើងវិញ និងស្ថិរភាព។
គួរបញ្ជាក់ថា លោក Al-Assad ត្រូវបានផ្តួលរំលំចេញពីអំណាច កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ក្រោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានដឹកនាំប្រតិបត្តិការវាយលុកថ្មី ដែលមានល្បឿនយ៉ាងឆាប់រហ័សបំផុត ប្រឆាំងកងកម្លាំងរដ្ឋាភិបាល កាលពីចុងខែវិច្ឆិកា ហើយដណ្តើមកាន់កាប់បានទីក្រុងជាបន្តបន្ទាប់ រហូតដល់រដ្ឋធានីដាម៉ាស។ សង្រ្គាមស៉ីវិលនៅស៉ីរី បានផ្ទុះឡើងដំបូង តាំងពីជាង១០ឆ្នាំមុន។ ក្រុមប្រទេសលោកខាងលិច បានបង្ហាញការស្វាគមន៍ ចំពោះការដួលរលំនៃរបបដ៏យូរអង្វែងរបស់លោក al-Assad ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ព្រួយបារម្ភថា ប្រទេសស៉ីរីអាចនឹងធ្លាក់ទៅក្នុងភាពវឹកវរបន្ថែមទៀត ស្រដៀងទៅនឹងអ្វីដែលធ្លាប់បានកើតឡើង នៅឯប្រទេសលីប៊ី ក្រោយការផ្តួលរំលំលោក Muammar Gaddafi៕