(លីម៉ា)៖ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវចង់ឱ្យមាន ការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលបានប្រព្រឹត្ត បទល្មើសរំលោភសេពសន្ថវៈលើកុមារ ក្រោយករណីឃាតកម្ម​លើក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដែលគេជឿថាបានរងការរំលោភបំពានផ្លូវភេទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រី Boluarte គឺជាប្រធានាធិបតីប៉េរូដំបូងគេ ដែលជាស្រ្តី ហើយបានប្រកាន់ជំហរតឹងរ៉ឹងលើបញ្ហាឧក្រិដ្ឋកម្ម។ លោកស្រី បាននិយាយថា វាដល់ពេលហើយដែលត្រូវពិភាក្សា លើការប្រើប្រាស់ឡើងវិញ នូវទោសប្រហារជីវិត ដែលត្រូវបានរំលាយចោល កាលពីឆ្នាំ១៩៧៩។ លោកស្រី Boluarte បាននិយាយដូច្នេះថា «ដោយប្រឈមមុខហេតុការណ៍ធ្ងន់ធ្ងរបែបនេះ ដែលជារឿង​មិនគួរកើតមានក្នុងសង្គម ដល់ពេលហើយ ដែលយើងស្នើឱ្យមានវិធានការយ៉ាងតឹងរ៉ឹង។ វាជាពេលត្រូវបើកការជជែកដេញដោល ជុំវិញការដាក់ទោសប្រហារជីវិតចំពោះ ជនដែលរំលោភសេពសន្ថវៈលើកុមារ»

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ប៉ូលិសប៉េរូ បានរកឃើញ សាកសពក្មេងស្រីបាត់ខ្លួន រុំដោយភួយនិងកម្រាល ទុកនៅក្រោមគ្រែ របស់​ជនសង្ស័យជនឃាតករ ក្នុងសង្កាត់ក្រីក្រ Villa Maria del Triunfo នៃរដ្ឋធានីលីម៉ា ដែលជាកន្លែងក្មេងស្រីម្នាក់នោះ បានបាត់ខ្លួន កាលពីថ្ងៃសៅរ៍។ អាជ្ញាធរមិនបានផ្តល់ ព័ត៌មានលម្អិតបន្ថែមឡើយ អំពីជនរងគ្រោះ ក៏ដូចជាជនសង្ស័យ។ យ៉ាងណាមិញ ខាងការិយាល័យរដ្ឋអាជ្ញាទីក្រុងលីម៉ា បាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើរឿងនេះ ក្នុងទម្រង់ជាករណីឃាតកម្ម និង​រំលោភសេពសន្ថវៈលើអនីតិជន។

គួរបញ្ជាក់ថា ក្រោមច្បាប់បច្ចុប្បន្ននៅប្រទេសប៉េរូ បទល្មើសរំលោភសេពសន្ថវៈលើកុមារ អាយុក្រោម១៤ឆ្នាំ ប្រឈមការជាប់ពន្ធនាគារ អស់មួយជីវិត។ ចាប់តាំងពីឆ្នាំ១៩៩៥មក សភាប៉េរូបានច្រានចោល សេចក្តីព្រាងច្បាប់យ៉ាងហោចចំនួន៨ ដែលបានព្យាយាម​ស្តារទោសប្រហារជីវិតឡើងវិញ។ ប្រហែលជាជិត៧០ភាគរយ នៃប្រទេសទាំងអស់នៅទូទាំងពិភពលោក បាននាំគ្នាលុបចោល ទោសប្រហារជីវិត នៅក្នុងច្បាប់ ឬក៏ក្នុងការអនុវត្តជាក់ស្តែង៕