(កៀវ)៖ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើទៅកាន់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឱ្យផ្តល់នូវប្រព័ន្ធការពារដែនអាកាស Patriot ចន្លោះពី ១០ទៅ១២គ្រឿងទៀត ដោយនិយាយថា វានឹងជួយការពារលើអាកាសបានយ៉ាងពេញលេញ ពីការវាយប្រហាររបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០២៤។

ការស្នើសុំរបស់លោក ហ្សេលេនស្គី បានធ្វើឡើងបន្ទាប់ពីមីស៉ីលរុស្ស៉ី វាយប្រហារទីក្រុងភាគខាងកើតនៃតំបន់ Zaporizhzhia សម្លាប់មនុស្ស ៤នាក់ បំផ្លាញគ្លីនិកឯកជន និងរបួសមនុស្សប្រហែល ២០នាក់។ នៅក្នុងរដ្ឋធានីកៀវ ក្រោយជួបក្រុមមន្រ្តីសភាអឺរ៉ុប លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «អ្នកគ្រប់គ្នាគួរតែអាចយល់បានថា ប្រព័ន្ធមីស៉ីល Patriot ១០ទៅ១២គ្រឿងបន្ថែមទៀត សម្រាប់អ៊ុយក្រែន នឹងជួយធានាដល់អាយុជីវិតយើង និងធ្វើឱ្យសង្រ្គាមរបស់ លោក ពូទីន គ្មានន័យ»។ លោក ហ្សេលេនស្គី ក៏បានទទូចដល់សម្ព័ន្ធមិត្ត ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កក យកមកចំណាយលើប្រព័ន្ធមីស៉ីល Patriot ខណៈអ៊ុយក្រែនកំពុងត្រៀមលក្ខណៈ សម្រាប់ការវាយប្រហាររដូវរងារបស់រុស្ស៉ី មកលើប្រព័ន្ធថាមពលដែលខូចខាតស្រាប់។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អ៊ុយក្រែន តែងតែស្នើសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបៗ៕