(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ជាលើកដំបូងពីភាពចលាចលនយោបាយដែលកំពុងកើតឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពី ការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ KCNA បានចេញផ្សាយអត្ថបទមួយស្ដីពីអ្វីដែលខ្លួនហៅថាការកើនឡើងចលាចលក្នុងសង្គមកូរ៉េខាងត្បូង ដោយសារតែវិបត្តិ បង្កឡើងដោយការប្រកាសដាក់ច្បាប់អាជ្ញាសឹក។ នៅក្នុងអត្ថបទនេះដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបានគូសបញ្ជាក់ដោយប្រើពាក្យធ្ងន់ៗរិះគន់លោក Yoon ដូច្នេះថា «អាយ៉ង Yoon Suk Yeol ដែលបានប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំ និងនីតិវិធីចោទប្រកាន់ដកតំណែងរួចទៅហើយនោះ បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើល និងបានភ្ជង់កាំភ្លើងដូចជារបបផ្ដាច់ការហ្វាស៊ីសតម្រង់ទៅរកប្រជាជន»។ KCNA បន្ថែមថាសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយការវាយតម្លៃថាឧបទ្ទវហេតុ ច្បាប់អាជ្ញាសឹកបានបង្ហាញពីភាពផុយស្រួលនៅក្នុងសង្គមកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា នៅក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ លោក Yoon បាននិយាយថាច្បាប់នេះនឹងជួយការពារកូរ៉េខាងត្បូងពីការគំរាមកំហែងបង្កឡើង ដោយកូរ៉េខាងជើង និងលុបបំបាត់ចោលនូវកម្លាំងប្រឆាំងរដ្ឋមានទំនោរទៅរកទីក្រុងព្យុងយ៉ាង ដែលលោកចង់សំដៅលើបក្សប្រឆាំង។ តែច្បាប់នេះត្រូវបានលុបចោលទៅវិញក្រោយ សភាបោះឆ្នោតប្រឆាំងជំទាស់៕