Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្ដហោះយោធាចិន ៥៣គ្រឿង និងនាវា ១៩គ្រឿង បន្តធ្វើសកម្មភាពក្បែរកោះតៃវ៉ាន់ (Video inside)

11-12-2024 09:46

(តៃប៉ិ)៖ តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃពុធ ទី១១ ខែធ្នូថាយន្ដហោះយោធាចិន ៥៣គ្រឿង និងនាវា ១៩គ្រឿង បានធ្វើសកម្មភាពនៅក្បែរដែនកោះរបស់ខ្លួន​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈទីក្រុងប៉េកាំងត្រូវបានរាយការណ៍ថាបានដាក់ពង្រាយនាវាចម្បាំងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានជាច្រើនឆ្នាំមកនេះ សម្រាប់ការធ្វើសមយុទ្ធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះយោធា និងនាវារបស់ចិនក្នុងនោះរួមមាននាវាចម្បាំង១១គ្រឿង ត្រូវបានប្រទះឃើញនៅក្នុងដែនអាកាស និងដែនទឹករបស់តៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក ថ្ងៃពុធនេះ។ កាលពីថ្ងៃអង្គារ យន្ដហោះយោធាចិន ៤៧គ្រឿង និងនាវាចម្បាំង១២គ្រឿង ក៏ត្រូវបានរាយការណ៍ថា បានធ្វើសកម្មភាពនៅក្បែរកោះតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា តៃវ៉ាន់ កាលពីថ្ងៃអង្គារ បាននិយាយថាចិនបានដាក់ពង្រាយនាវាចម្បាំង ៩០គ្រឿង នៅតាមបណ្ដោយតំបន់យុទ្ធសាស្ត្រដែលគេហៅថា first island chain ដែលតភ្ជាប់កោះ Okinawa របស់ជប៉ុន តៃវ៉ាន់ និងហ្វីលីពីន ហើយតៃវ៉ាន់បានហៅថានេះជាការធ្វើសមយុទ្ធជើងទឹកធំបំផុតមិនធ្លាប់មានរបស់ចិនជាច្រើនឆ្នាំមកនេះ៕