(ញូវយ៉ក)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ថាកងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់ លោកប្រធានាធិបតី Bashar al-Assad ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មជាមួយការផ្តោតលើការតាមកម្ទេចពួក ISIS។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
អ្នកនាំពាក្យរងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jon Finer នៅក្នុងបទសម្ភាសន៍មួយនៅឯសន្និសីទ Reuters NEXT ក្នុងទីក្រុងញូវយ៉ក បានគូសបញ្ជាក់ទៀតថាកងទ័ពអាមេរិក កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដោយមានហេតុផលច្បាស់លាស់ និងសំខាន់បំផុត នោះគឺតាមកម្ទេចពួក ISIS។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើកងទ័ពអាមេរិកនឹងបន្តឈរជើង នៅស៊ីរីឬទេ? អ្នកនាំពាក្យរូបនេះបានឆ្លើយថា «ពិតណាស់ កងទ័ពអាមេរិកនឹងបន្តឈរជើងនៅស៊ីរី»។
គួរបញ្ជាក់ថា ពួក ISIS កាលពីឆ្នាំ២០១៤ បានគ្រប់គ្រងទឹកដីមួយផ្នែកធំនៅស៊ីរី និងអ៉ីរ៉ាក់ តែត្រូវបានកម្ចាត់ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩។ កងទ័ពអាមេរិក ប្រហែល៩០០នាក់ត្រូវបានរាយការណ៍ថាកំពុងឈរជើងនៅស៊ីរី៕