(វ៉ាស៊ីនតោន)៖ នៅពេលក្រុមបាតុករចាប់ផ្ដើមព្យាយាមកាលពីឆ្នាំ២០១១ ដើម្បីទម្លាក់លោកប្រធានាធិបតីស៊ីរី Bashar Al-Assad ចេញពីអំណាច ពួកគេបានចូលរួមជាផ្នែកមួយនៃបដិវត្តន៍ដែលគេស្គាល់ថាជា បដិវត្តន៍អារ៉ាប់ ឬ Arab Spring ក្នុងគោលបំណងបណ្ដេញមេដឹកនាំដែលពួកគេចាត់ទុកថាផ្ដាច់ការចេញពីអំណាចនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ខណៈក្រុមប្រឆាំងនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ទទួលបាន ជោគជ័យភ្លាមៗ បដិវត្តន៍នៅស៊ីរីវិញបានប្រែក្លាយទៅជាសង្រ្គាមស៊ីវិលមានរយៈពេល១៣ឆ្នាំដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់ត្រូវភៀសខ្លួនចេញពី ប្រទេស។

ការដួលរលំនៃរបបដឹកនាំលោក Assad បានធ្វើឱ្យប្រជាជនស៊ីរីដែលស្អប់របបលោក Assad សប្បាយរីករាយដូចគ្នាទៅនឹងប្រជាជននៅក្នុងប្រទេសអេហ្ស៉ីប លីប៊ី ទុយនីស៊ី និងយេម៉ែន កាលពីជាងមួយទសវត្សរ៍ មុនដូច្នោះដែរ។ ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសអារ៉ាប់ទាំង៤ទាំងនេះ បានទទួលជោគជ័យក្នុងការផ្ដួលរំលំមេដឹកនាំដែលពួកគេចាត់ទុកថាផ្ដាច់ការ។ ប៉ុន្តែ ប្រទេសរបស់ពួកគេមានខ្លះធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ហើយខ្លះទៀតត្រឡប់ទៅរករបបផ្ដាច់ការវិញជាដដែល។ នៅអេហ្ស៉ីប និងទុយនីស៊ី មេដឹកនាំបុរសខ្លាំងថ្មីបានឡើងកាន់អំណាច ហើយបានលុបបំបាត់ចោលនូវក្ដីសង្ឃឹមកសាងប្រទេសប្រជាធិបតេយ្យ។ នៅលីប៊ី និងយេម៉ែន ប្រទេសត្រូវពុះចែកជាចំណែកៗ ហើយបែងចែកជាបក្ខជាពួកដណ្ដើមអំណាចគ្នាគ្រប់គ្រងទឹកដី រហូតដល់បង្កជាសង្រ្គាមស៊ីវិល។

បើតាមក្រុមអ្នកវិភាគ ស្ថានការណ៍ប្រែប្រួលយ៉ាងលឿនរហ័សនៅស៊ីរី បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភអំពីការផ្ទេរអំណាច។ ក្រុមឧទ្ទាមមួយដែលបានដឹកនាំសម្ព័ន្ធក្រុមឧទ្ទាមវាយផ្ដួលរំលំរបប លោក Assad នោះគឺក្រុមឧទ្ទាម Hayat Tahrir al-Sham ឬ HTS គឺជាក្រុមឧទ្ទាមមួយស្ថិតនៅក្នុងចំណោមក្រុមឧទ្ទាមជាច្រើនផ្សេងទៀតដែលជាគូប្រជែងនឹងគ្នា និងមានមេកើយរៀងៗខ្លួន ហើយ រឿងដែលសំខាន់នៅពេលនេះ ពួកគេត្រូវស្វែងរកការឯកភាពគ្នាថាតើត្រូវដឹកនាំប្រទេសស៊ីរី នៅក្រោយរបប Assad ដួលរលំយ៉ាងដូចម្ដេច?

ធ្លាប់ជាសាខារបស់ក្រុមអាល់កៃដា HTS បានព្យាយាមបង្ហាញឱ្យគេឃើញថាខ្លួនមិនបានប្រកាន់ភ្ជាប់មនោគមន៍វិជ្ជាជ្រុលនិយមឡើយ និងការពារសិទ្ធិសេរីភាពរបស់ជនជាតិភាគតិចស៊ីរី ក្នុងនោះរួមមាន អ្នកកាន់សាសនាគ្រឹស្ត ជនជាតិ ​Druse និង Alawites រួមទាំងអ្នកកាន់និយកាយស៊ីអ៉ីតដែលគាំទ្រលោក Assad។ ក្រុមអ្នកវិភាគបាននិយាយថាប្រសិនបើ HTS ដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងតួកគី ចាត់ទុកជាអង្គការភេរវកម្ម មិនអាចធ្វើតាមសន្យារបស់ខ្លួនបានទេ នោះសង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើងជាថ្មី។ ពីព្រោះថាក្រុមជីវពលមកពីសហគមន៍ជនជាតិភាគតិចអាចនឹងមានអារម្មណ៍ថា ពួកគេត្រូវតែងើបឡើងដើម្បីការពារតំបន់របស់ពួកគេពីរដ្ឋាភិបាលកណ្ដាលថ្មីណាមួយ។ លើសពីនេះទៅទៀត មហាអំណាចក្នុងតំបន់ដូចជា អ៉ីរ៉ង់ តួកគី រុស្ស៉ី និងសហរដ្ឋអាមេរិកដែលគាំទ្រក្រុមឧទ្ទាម ផ្សេងៗគ្នានៅក្នុងជម្លោះនៅស៊ីរី ត្រូវបានគេរំពឹងថានឹងបន្តព្យាយាមរក្សាឥទ្ធិពលរបស់ពួកគេនៅស៊ីរី ហើយការលូកដៃណាមួយពីបរទេសអាចនឹងបង្កជាជម្លោះផ្ទៃក្នុងរបស់ស៊ីរីបានគ្រប់ពេលវេលា។

ណាមួយ តួនាទី និងគោលបំណងរបស់ក្រុមឧត្តមសេនីយ៍ និងប្រមុខសន្តិសុខរបស់អតីតរបបលោក Assad ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិលផងដែរ ដោយមិនដឹងថាពួកគេអាចកាន់តំណែងជាន់ខ្ពស់ ក្នុងរដ្ឋាភិបាលថ្មី ដូចសមភាគីរបស់ពួកគេធ្លាប់បានធ្វើនៅក្នុងបណ្ដាប្រទេសដែលមេដឹកនាំត្រូវបានទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០១១-​២០១២ ដែរឬក៏យ៉ាងណានោះទេ។

នៅបន្ទាប់ពីការដួលរលំរបបរបស់លោក Hosni Mubarak ក្នុងប្រទេសអេហ្ស៉ីប កាលពីឆ្នាំ២០១១ មេដឹកនាំយោធាធំៗនៅតែអាចរក្សាអំណាចរបស់ពួកគេ និងគ្រប់គ្រងលើដំណើរការផ្ទេរអំណាច។ ក្រោយអនុញ្ញាតឱ្យមានការបោះឆ្នោត មេដឹកនាំយោធាទាំងនេះបានត្រឡប់មកកាន់អំណាចពេញដៃឡើងវិញ តាមរយៈការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៣ ទម្លាក់លោក Mohamad Morsi ដែលជា ប្រធានាធិបតីឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយសេរីជាលើកដំបូងបំផុតរបស់អេហ្ស៉ីប ចេញពីអំណាច។ ការបោះឆ្នោតក៏ត្រូវបានរៀបចំឡើងផងដែរនៅក្នុងប្រទេសលីប៊ី នៅបន្ទាប់ពីអតីត មេដឹកនាំ លោក Muammar el Qaddafi ត្រូវបានទម្លាក់ចេញពីអំណាច និងត្រូវគេបាញ់សម្លាប់ចោលក្នុងឆ្នាំ២០១១។ ប៉ុន្តែ ៣ឆ្នាំក្រោយ លីប៊ីធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល រីឯប្រទេសត្រូវបានពុះចែកគ្នា គ្រប់គ្រង។

នៅឯយេម៉ែនវិញ ការដួលរលំនៃរបបរបស់លោក Ali Abdullah Saleh ក្នុងឆ្នាំ២០១២ បានបង្កទៅជាសង្រ្គាមស៊ីវិល ដែលបានអនុញ្ញាតឱ្យក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ដណ្ដើមគ្រប់រដ្ឋធានី Sanaa។ ចំណែក ទុយនីស៊ីដែលត្រូវបានគេចាត់ទុកថាជាប្រទេសមួយជោគជ័យបំផុតក្នុងចំណោមប្រទេសធ្វើបដិវត្តន៍អារ៉ាប់ បានរៀបចំការបោះឆ្នោតជាច្រើនដង ក្រោយការទម្លាក់លោក Zine el Abidine Ben Ali ចេញពី អំណាច។ ប៉ុន្តែ ការបោះឆ្នោតទាំងនោះមិនអាចជួយឱ្យទុយនីស៊ីសម្រេចបានប្រជាធិបតេយ្យទេ ផ្ទុយទៅវិញបែរជាធ្វើឱ្យប្រទេសត្រឡប់ទៅរកការកាន់អំណាចផ្ដាច់ការជាដដែល ក្នុងឆ្នាំ២០២១ នៅពេល ប្រធានាធិបតី លោក Kais Saied លុបបំបាត់ចោលនូវរាល់ការត្រួតពិនិត្យលើអំណាចរបស់លោក និងចាប់ផ្ដើមរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងស្ថាប័នយុត្តិធម៌ ព្រមទាំងអាជ្ញាធររៀបចំការបោះឆ្នោត។

ដូច្នេះ ដោយសារមេរៀនពីអតីតកាល និងភាពស្មុគស្មាញនៃនយោបាយផ្ទៃក្នុងរបស់ស៊ីរី ធ្វើឱ្យមនុស្សខ្លះគិតថាការចាកចេញរបស់លោក Assad ទំនងអាចជានឹងធ្វើឱ្យជម្លោះដែលបន្សល់ទុកដោយសង្រ្គាមស៊ីវិល ១៣ឆ្នាំ កាន់តែរីកធំឡើង ជាជាងត្រូវបានផ្សះផ្សារ។ ក៏ប៉ុន្តែ អ្នកខ្លះទៀតក៏មានសុទិដ្ឋិនិយមដែរដោយពួកគេយល់ថាដោយសារមានបទពិសោធន៍ឆ្លងកាត់សង្រ្គាម ស៊ីរីអាចនឹងសម្រេចបាននូវអ្វីដែលសមភាគី របស់ពួកគេនៅអេហ្ស៉ីបធ្លាប់សម្រេចបាន៕