(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់ថា កងកម្លាំងរបស់ខ្លួនបានឈ្លានពានចូលទឹកដីស៊ីរី ហួសពីតំបន់ទ្រនាប់នៅតំបន់ Golan Heights បន្ទាប់ពីប្រភពព័ត៌មានស៊ីរីបានអះអាងថា កងទ័ពអ៊ីស្រាអែលបានឈ្លានពានចម្ងាយ ២៥គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល គ្រាន់តែឈរជើងនៅក្នុងតំបន់ទ្រនាប់ និងចំណុចមួយចំនួននៅតាមព្រំដែនប៉ុណ្ណោះ ដើម្បីធានាសន្តិសុខ និងការពារពលរដ្ឋអ៊ីស្រាអែល។

«កងកម្លាំង IDF មិនកំពុងឆ្ពោះទៅកាន់ទីក្រុង Damascus ទេ។ យើង​មិន​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។ យើង​មិន​មែន​ជា​ភាគី​ក្នុង​ជម្លោះ​នេះ​ទេ ហើយ​យើង​មិន​មាន​ផល​ប្រយោជន៍​អ្វី​ក្រៅ​ពី​ការ​ការពារ​ព្រំដែន​របស់​យើង និង​សន្តិសុខ​របស់​ពលរដ្ឋ​យើង»។ នេះជាការប្រកាសរបស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ។

ទោះជាយ៉ាងណា ប្រភពសន្តិសុខចំនួនបីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា កងទ័ពអ៊ីស្រាអែលបានឈ្លានពានចូលទឹកដីស៊ីរីហួសពីតំបន់ទ្រនាប់ ខណៈប្រភពមួយបានអះអាងថា ពួកគេបានទៅដល់ទីប្រជុំជនកាតាណា ដែលស្ថិតនៅមិនឆ្ងាយពីអាកាសយានដ្ឋាន Damascus។ អ៊ីស្រាអែល ក៏បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក ទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមពីការដណ្តើមយកអាវុធផងដែរ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានស្វាគមន៍ចំពោះការដួលរលំរបស់លោក Assad ដែលជាសម្ព័ន្ធមិត្តរបស់សត្រូវដ៏សំខាន់របស់ខ្លួន គឺអ៊ីរ៉ង់ ប៉ុន្តែបានប្រុងប្រយ័ត្នចំពោះក្រុមឧទ្ទាម ដែលបានដណ្តើមអំណាច គឺក្រុម Hayat Tahrir al-Sham (HTS) ដែលមានទំនាក់ទំនង ជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម។ ទន្ទឹមគ្នានេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលនឹងប្រើប្រាស់ គ្រប់មធ្យោបាយដើម្បីការពារសន្តិសុខរបស់ខ្លួន បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Assad៕