Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីប្រេស៊ីល លោក Lula កំពុងស្ថិតក្នុងបន្ទប់ ICU បន្ទាប់ពីទទួលការវះកាត់បន្ទាន់ (Video inside)

10-12-2024 19:43

(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Sao Paulo កាលពីយប់ថ្ងៃចន្ទ ដើម្បីទទួលការវះកាត់បន្ទាន់ ដើម្បីបង្ហូរឈាមកកក្នុងលលាដ៍ក្បាល ដែលគ្រូពេទ្យជឿថា បណ្តាលមកពីការដួលកាលពីខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ប្រតិបត្តិការនេះទទួលបានជោគជ័យ ហើយលោក Lula កំពុងសម្រាកព្យាបាល នៅក្នុងបន្ទប់ថែទាំពិសេស (ICU)។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាល នៅថ្ងៃអង្គារនេះ ដោយសង្កត់ធ្ងន់ថា «លោក Lula ដែលអាយុ ៧៩ ឆ្នាំ ស្ថិតនៅក្នុងស្ថានភាពសុខភាពល្អប្រសើរឡើង» ហើយលោកនឹងត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រយៈពេលពីរបីថ្ងៃទៀត។

គួរបញ្ជាក់ថា ការវះកាត់នេះធ្វើឡើងបន្ទាប់ពីលោក Lula មានអាការៈឈឺក្បាលកាន់តែខ្លាំង ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយនឹងការដួលរបស់លោក កាលពីខែតុលា។ អនុប្រធានាធិបតី លោក Geraldo Alckmin នឹងទទួលបន្ទុករបៀបវារៈរបស់លោក Lula ក្នុងអំឡុងពេលនេះ៕