(ប៉េកាំង)៖ ឆ្នាំ២០២៤គឺជាខួបលើកទី៥ នៃគោលគំនិតសំខាន់របស់លោកប្រធានរដ្ឋចិន Xi Jinping ស្តីពី "ទីក្រុងរបស់ប្រជាជន ត្រូវសាងសង់ដោយប្រជាជន ហើយទីក្រុងរបស់ប្រជាជន គឺសម្រាប់ប្រជាជន"។ ក្នុងរយៈពេលប្រាំឆ្នាំ កន្លងមកនេះ តំបន់នានាបានអនុវត្តជាក់ស្តែង នូវគំនិតទីក្រុងរបស់ប្រជាជន ប្រជាជនទាំងឡាយបានចូលរួម យ៉ាងសកម្មក្នុងការកសាងទីក្រុង និងគ្រប់គ្រងទីក្រុងដើម្បីរួមគ្នា កសាងទីក្រុងប្រកបដោយភាពសុខដុម និងស្រស់ស្អាត។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានរដ្ឋចិន Xi Jinping បានដើរចូលទៅក្នុងផ្លូវឌឿងហែម នៃទីក្រុងប៉េកាំងពីរដង។ នៅផ្លូវឌឿងហែម Yu'er លោក Xi Jinping បានទៅសួរសុខទុក្ខប្រជាពលរដ្ឋ ហើយស្តាប់មតិយោបល់ របស់អ្នករាល់គ្នាស្ដីពីការកសាងទីក្រុងចាស់ឡើងវិញ។ នៅផ្លូវឌឿងហែម Caochang Sitiao លោក Xi Jinping បានសង្កត់ធ្ងន់ថា ការកសាងឡើងវិញ និងការកែលម្អទីក្រុងចាស់គួរតែអនុវត្តជាមួយនឹង កិច្ចការពារវត្ថុបុរាណប្រវត្តិសាស្ត្រ និងការអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ មិនត្រឹមតែធ្វើឱ្យបរិស្ថានរស់នៅ ប្រសើរឡើងប៉ុណ្ណោះទេ ក៏ថែមទាំងការពារបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ ដើម្បីរួមបញ្ចូលប្រវត្តិសាស្រ្ត វប្បធម៌ ជាមួយនិងជីវិតសម័យទំនើប។ ចាប់តាំងពីឆ្នាំ ២០១៧ មក ទីក្រុងប៉េកាំងបានអនុវត្តសកម្មភាពចំនួន ២ ជុំរយៈពេល ៣ ឆ្នាំ ដើម្បីកែលម្អបរិវេណនៃផ្លូវឌឿងហែម ហើយមុខមាត់បរិស្ថាននៃផ្លូវឌឿងហែមចំនួនជាង ៤ ពាន់ ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។
លោកស្រី Ding Shufeng ជាប្រជាជនរស់នៅតាមផ្លូវឌឿងហែម Caochang Sitiao ក្នុងសង្កាត់ Dongcheng ទីក្រុងប៉េកាំងបាននិយាយថា បន្ទាប់ពីការជួសជុលទីធ្លា លក្ខណៈពិសេសរបស់ផ្លូវឌឿងហែម ត្រូវបានរក្សាទុក ដោយបន្សល់ទុកនូវអនុស្សាវរីយ៍នៃទីក្រុង និងអនុស្សាវរីយ៍កាលពីកុមារភាព។ លោកស្រី Ding Shufeng អាយុ ៦៧ឆ្នាំបានរស់នៅក្នុងផ្លូវឌឿងហែម Caochang Sitiaoអស់រយៈពេល ១៦ ឆ្នាំ។ លោកស្រីបានរំឭកថា ប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីផ្លាស់មកទីនេះ ការរស់នៅមិនសូវជាពេញចិត្តដូចពេលនេះទេ “ដីរដិបរដុប របស់របរគរពេញផ្លូវ ខ្សែភ្លើងឯកជនគ្រប់ទីកន្លែងព័ទ្ធឡើងស្អេកស្កេះដូចសំបុកពីងពាង។
នៅខែកញ្ញា ឆ្នាំ២០១៧ «ផែនការមេទីក្រុងប៉េកាំង (ឆ្នាំ២០១៦ដល់ឆ្នាំ២០៣៥)» ត្រូវបានចេញផ្សាយ ទីក្រុងប៉េកាំងបានចាប់ផ្តើម ធ្វើកិច្ចខិតខំប្រឹងប្រែងដូច "ដេរប៉ាក់" ដើម្បីស្ដារឡើងវិញ នូវសណ្តាប់ធ្នាប់នៃផ្លូវឌឿងហែម។ ភ្លាមៗនោះ សហគមន៍ Caochangបានចាប់ផ្តើមការងារស្តារឡើងវិញ ដោយគ្របដណ្តប់លើវិស័យដូចជា ការការពារមុខមាត់ផ្លូវឌឿងហែម ការបង្ហូរទឹកភ្លៀង និងទឹកស្អុយ ការដំឡើងខ្សែពីលើចូលទៅក្នុងដី ការរុះរើសំណង់ខុសច្បាប់ និងការកែលម្អទេសភាពជាដើម។
បន្ទាប់ពីផ្លូវឌឿងហែមមានភាពស្រស់ស្អាត សង្កាត់ Dongcheng បានចាប់ផ្តើមគ្រប់គ្រង "ទីធ្លាដ៏ស្រស់ស្អាតបំផុត" នៅឆ្នាំ ២០២០។ ដោយឈរលើមូលដ្ឋាន នៃការមិនប៉ះពាល់ដល់ មុខមាត់ប្រពៃណី ផ្តោតលើការដោះស្រាយបញ្ហា ដែលប៉ះពាល់ដល់ជីវភាពរស់នៅ បរិស្ថាន និងសណ្តាប់ធ្នាប់ជាដើមដើម្បីធ្វើឱ្យជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែមាន ផាសុកភាពខណៈពេល ដែលរក្សាបាន នូវភាពទាក់ទាញនៃផ្លូវឌឿងហែមចំណាស់នៃក្រុងប៉េកាំង។
លោកស្រី Ding Shufeng បាននិយាយថា "គ្រួសាររបស់ខ្ញុំបានចុះឈ្មោះដំបូងគេ"។ គាត់បានបង្ហាញទៅកាន់អ្នករចនា ទទួលខុសត្រូវការងារជួសជុល ដែលប្រាថ្នាចង់បានពិដាន អាងចិញ្ចឹមត្រី និងដើមទទឹមនៅក្នុងទីធ្លា ក្នុងនាមជាអ្នកក្រុងប៉េកាំងចាស់។ ដោយនឹកស្មានមិនដល់ អ្នករចនាបានយល់ព្រមតាមសំណូមពររបស់លោកស្រី ហើយបានជួយគាត់សម្រេចបាន នូវបំណងរបស់គាត់។
នៅទីធ្លាផ្ទះលេខ ៤៤ នៅផ្នែកខាងត្បូងនៃផ្លូវឌឿងហែម Caochang Sitiao មានអង្គភាពគ្រប់គ្រងដោយខ្លួនឯង នៅមូលដ្ឋានដ៏ល្បីល្បាញមួយ គឺ "សាលប្រជុំទីធ្លាតូច"។ លោសក្រី Li Caixian អាយុ ៦៣ ឆ្នាំ ជាអ្នករស់នៅសហគមន៍គឺជា "នាយក" នៃអង្គភាពនេះ។ អ្នកដែលរស់នៅក្នុងទីធ្លាតែមួយនឹងមានមតិមិនដូចគ្នា ដូច្នេះតើត្រូវធ្វើយ៉ាងណាឲ្យអ្នករាល់គ្នា សហការគ្នា?ក្នុងឆ្នាំ២០១២ "សាលប្រជុំទីធ្លាតូច" បានបង្កើតឡើងដោយរួមបញ្ចូលបញ្ហាធំៗ និងតូចតាចនៅក្នុងសហគមន៍ និងបញ្ហាផ្សេងៗទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពលរដ្ឋ។
ពលរដ្ឋបានអង្គុយជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចេញមតិយោបល់។ សព្វថ្ងៃនេះ "សាលប្រជុំទីធ្លាតូច" បានក្លាយជាបង្អួចសម្រាប់អ្នករស់នៅក្នុងទីធ្លា ដើម្បីរួមគ្នាកសាង គ្រប់គ្រង និងចែករំលែកជីវភាពដ៏ល្អបវរ។ នៅក្នុងខែកុម្ភៈឆ្នាំ ២០១៩ លោក Xi Jinpingបានមកដល់ "សាលប្រជុំទីធ្លាតូច" ដើម្បីត្រួតពិនិត្យការងារ។ បន្ទាប់ពីបានស្តាប់ របាយការណ៍របស់ពលរដ្ឋ លោកសប្បាយចិត្តយ៉ាងខ្លាំងដោយចង្អុលបង្ហាញថា ជាមួយនឹងការបង្កើត "សាលប្រជុំទីធ្លាតូច" កិច្ចការរបស់ពលរដ្ឋពិភាក្សាដោយពលរដ្ឋ កិច្ចការរបស់ពលរដ្ឋសម្រេច ដោយពលរដ្ឋ ទាំងនេះអំណោយផលដល់ការលើកកម្ពស់អារម្មណ៍ នៃភាពជាម្ចាស់របស់អ្នករស់នៅសហគមន៍ និងលើកកម្ពស់កម្រិតចំគោលដៅ និងភាពលម្អិតនៃការគ្រប់គ្រង និងសេវាកម្មក្នុងសហគមន៍»។
ក្រោមការដឹកនាំរបស់ "សាលប្រជុំទីធ្លាតូច" បញ្ហាធំនិងតូចទាំងអស់នៅក្នុងសហគមន៍ Caochang បានក្លាយជាកង្វល់ទូទៅ សម្រាប់មនុស្សគ្រប់គ្នា។ ប្រជាពលរដ្ឋបានសម្តែងការទាមទារ និងសំណូមពររបស់ពួកគេដោយសេរី ហើយបានធរួមគ្នាស្វែងរក ដំណោះស្រាយ និងធ្វើសេចក្តីសម្រេចចិត្ត ដែលបានបង្កើតជាបរិយាកាសនៃការដែល" បញ្ហារបស់ពលរដ្ឋលើកឡើង ដោយពលរដ្ឋ បញ្ហារបស់ពលរដ្ឋពិភាក្សាដោយពលរដ្ឋ បញ្ហារបស់ពលរដ្ឋសម្រេចចិត្តដោយពលរដ្ឋ បញ្ហារបស់ពលរដ្ឋធ្វើដោយពលរដ្ឋ និងបញ្ហារបស់ពលរដ្ឋវាយតម្លៃដោយពលរដ្ឋ៕
វិទ្យុមិត្តភាពកម្ពុជាចិន