(ព្រុចសែល)៖ សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ បាននិយាយនៅថ្ងៃអង្គារ ទី១០ ខែធ្នូ ថា ក្នុងឆ្នាំ២០២៤នេះ មានអ្នកកាសែតសរុប១០៤នាក់ ត្រូវបានសម្លាប់ នៅជុំវិញពិភពលោក ក្នុងចំណោមនោះ ជាងពាក់កណ្តាល គឺនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
IFJ បានប្រាប់ថា តួលេខឆ្នាំ២០២៤នេះ គឺថយចុះពីតួលេខឆ្នាំ២០២៣ ដែលមានអ្នកកាសែតស្លាប់ ១២៩នាក់ ប៉ុន្តែវានៅតែជាឆ្នាំដ៏អាក្រក់បំផុតមួយ ក្នុងកំណត់ត្រា។ ក្នុងចំណោមនោះ អ្នកកាសែតប៉ាឡេស្ទីន៥៥នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ចំពោះមុខសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា។ យោងតាម IFJ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សរុបមានអ្នកកាសែតប៉ាឡេស្ទីន យ៉ាងហោច១៣៨នាក់ ត្រូវបានសម្លាប់។
របាយការណ៍របស់ IFJ បានបន្តថា បន្ទាប់ពីមជ្ឈិមបូព៌ា ទ្វីបអាស៉ី គឺជាកន្លែងដែលមានអ្នកកាសែត ត្រូវបានសម្លាប់ច្រើនជាងគេទី២ ក្នុងឆ្នាំនេះ គឺចំនួន២០នាក់ ក្នុងនោះរាប់បញ្ចូលទាំង ៦នាក់ នៅប៉ាគីស្ថាន ៥នាក់នៅបង់ក្លាដែស និង៣នាក់ នៅឥណ្ឌា។ រីឯនៅអឺរ៉ុប សង្រ្គាមអ៊ុយក្រែន បានបន្តសម្លាប់អ្នកកាសែត៤នាក់ទៀត ក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បាននិយាយថា អ្នកកាសែត៥៤នាក់ ត្រូវបានសម្លាប់ អំឡុងពេលបំពេញតួនាទីរបស់ពួកគេ ខណៈអង្គការនេះ នឹងចេញផ្សាយរបាយការណ៍របស់ខ្លួន ស្តីពីអ្នកកាសែតដែលត្រូវបានសម្លាប់ ក្នុងឆ្នាំនេះ នៅប៉ុន្មានថ្ងៃទៀត។ តួលេខរបស់ IFJ ជាទូទៅ តែងតែខ្ពស់ជាងឆ្ងាយ ធៀបនឹងតួលេខរបស់ RSF ដោយសារតែមធ្យោបាយនៃការរាប់ខុសគ្នា៕