(ហ្សឺណេវ)៖ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បានអំពាវនាវឱ្យមានការទទួលខុសត្រូវ ចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើង ក្នុងអំឡុងពេលកាន់អំណាច របស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad ដិយបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវ គឺជាផ្នែកមួយដ៏សំខាន់ នៃដំណើរការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Türk បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទនេះ ថា «យើងត្រូវតែធានាថា អ្នកដែលបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ យើងមិនត្រូវអនុញ្ញាតឱ្យពួកគេគេចផុតពីការដាក់ទណ្ឌកម្មនោះទេ។ ការទទួលខុសត្រូវ គឺជាផ្នែកសំខាន់មួយ ដើម្បីកសាងសង្គមប្រជាធិបតេយ្យ និងយុត្តិធម៌...»

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានសម្តែងសុទិដ្ឋិនិយមខ្ពស ចំពោះឱកាសនៃការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Bashar al-Assad ផងដែរ។ លោកបានលើកឡើងពីសញ្ញាវិជ្ជមានមួយចំនួន ដូចជាកិច្ចសហប្រតិបត្តិការ រវាងនាយករដ្ឋមន្រ្តីថ្មី និងមេដឹកនាំក្រុមឧទ្ទាមជាដើម។

ក្នុងសន្និសីទដដែលនេះ លោក​ Türk បានអំពាវនាវឱ្យប្រទេសនានា ទប់ស្កាត់ការផ្គត់ផ្គង់អាវុធ ទៅកាន់តំបន់ដែលមានជម្លោះ ដូចជា ហៃទី ស៊ូដង់ ហ្គាហ្សា និងអ៊ុយក្រែន។ ទន្ទឹមគ្នានេះ លោកក៏បានរិះគន់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការនាំចេញមីនទៅកាន់អ៊ុយក្រែនផងដែរ៕