(ប៉ារីស)៖ គណបក្សស្តាំនិយមជ្រុលបារាំង (RN) របស់លោកស្រី Marine Le Pen បានបាត់បង់អាសនៈមួយ ក្នុងការបោះឆ្នោតជ្រើសរើសសភា នៅភាគឦសានប្រទេសបារាំង បន្ទាប់ពីបានទម្លាក់រដ្ឋាភិបាល កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបរាជ័យនេះ ត្រូវបានគេមើលឃើញថា ជាការដាក់ទណ្ឌកម្មពីសំណាក់អ្នកបោះឆ្នោត ចំពោះសកម្មភាពរបស់គណបក្ស RN ក្នុងការទម្លាក់រដ្ឋាភិបាល។

បេក្ខជនឯករាជ្យ លោក Lionel Vuibert ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយបក្សកាន់អំណាច បានឈ្នះការបោះឆ្នោតនេះ ដោយផ្តួលបេក្ខជនមកពីគណបក្សស្តាំនិយមជ្រុលបារាំង ((RN) លោក Jordan Duflot។ លោក Vuibert បានធ្វើយុទ្ធនាការ ប្រឆាំងនឹងចលនាដកទំនុកចិត្តដែលបានទម្លាក់រដ្ឋាភិបាល។

ការបាត់បង់អាសនៈនេះ គឺជាការវាយប្រហារមួយទៅលើ គណបក្សស្តាំនិយមជ្រុលបារាំង (RN) ដែលកំពុងព្យាយាមបង្កើនឥទ្ធិពល នៅក្នុងនយោបាយបារាំង។ វាក៏អាចប៉ះពាល់ ដល់យុទ្ធសាស្រ្តរបស់លោកស្រី Le Pen ក្នុងការប្រជែងយកតំណែងប្រធានាធិបតី នៅឆ្នាំ ២០២៧ ផងដែរ។

ក្រៅពីការបាត់បង់អាសនៈ ក៏មានសញ្ញាបង្ហាញថា រដ្ឋាភិបាលបន្ទាប់របស់បារាំង អាចនឹងត្រូវដឹកនាំដោយបក្សឆ្វេងនិយម បន្ទាប់ពីប្រធានាធិបតី លោក Emmanuel Macron បានជួបពិភាក្សាជាមួយមេដឹកនាំបក្សឆ្វេងនិយម ដើម្បីស្វែងរកនាយករដ្ឋមន្រ្តីថ្មី។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសភាមួយរូប របស់គណបក្ស RN បានលាលែងពីតំណែង៕