(ប៉េកាំង)៖ កាលពីឆ្នាំ ២០១៤ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងយ៉ាងជាក់លាក់ ក្នុងកិច្ចប្រជុំអំពីកិច្ចការបរទេស របស់មជ្ឈិមចិនថា ក្តីសុបិនចិនគឺជាក្តីសុបិន ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ អ្វីដែលយើងស្វែងរកនោះគឺ សុខុមាលភាពនិងផលប្រយោជន៍ របស់ប្រជាជនចិន ហើយក៏ជាសុខុមាលភាពនិងផលប្រយោជន៍រួម របស់ប្រជាជននៃបណ្តាប្រទេសនានាផងដែរ។
ប្រទេសចិនមានទស្សនវិស័យសកល ហើយបានអនុវត្តជាក់ស្តែងម្ដងមួយជំហានៗនិងធ្វើកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ។ ប្រទេសចិនមិនត្រឹមតែបានអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្រសោបយ៉ាងសកម្មជាមួយពិភពលោក ដែលរ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំមួយផងដែរ។
"ការពួតដៃគ្នាកសាង 'ខ្សែក្រវាត់និងផ្លូវ'ប្រកបដោយគុណភាពខ្ពស់" "ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល" "ការគាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក" "ការគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រនិងសន្តិសុខស្បៀង" ។ល។ គំនិតផ្តួចផ្តើមចិននិងផែនការចិនមួយចំនួន ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping បានឆ្លើយតបយ៉ាងស៊ីជម្រៅ នូវបញ្ហាជាបន្ទាន់ស្តីពីសន្តិភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ ដែលបានបំពេញបន្ថែម នូវតម្រិះប្រាជ្ញា និងកម្លាំងចលករសម្រាប់ឱ្យពិភពលោក សម្រេចបាននូវការអភិវឌ្ឍរួម និងផ្តល់នូវផែនការគោលសម្រាប់ ការកែលំអអភិបាលកិច្ចសកល ប្រការនេះបានឆ្លុះបញ្ចាំងពីការក្តាប់ជាប់យ៉ាងស៊ីជម្រៅ ចំពោះស្ថានការណ៍សេដ្ឋកិច្ចពិភពលោក និងនិន្នាការអភិវឌ្ឍន៍របស់មនុស្សជាតិដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ។ ការអភិវឌ្ឍន៍ជាកូនសោមេ សម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយហេតុផលដ៏សាមញ្ញនេះក៏អាចឆ្លើយតបនឹងបញ្ហាលំបាក គ្រប់បែបយ៉ាងដែលសហគមន៍អន្តរជាតិ បាននិងកំពុងប្រឈមមុខផងដែរ ។
ការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរ និងសម្រេចបាននូវការធ្វើទំនើបកម្មគឺជាការស្វែងរករួមគ្នារបស់ប្រជាជន នៃបណ្តាប្រទេសនានា។ ប៉ុន្តែនាពេលបច្ចុប្បន្ន ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានភាពទន់ខ្សោយ ពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខនឹង វិបត្តិជាច្រើន ដូចជាវិបត្តិខាងស្បៀងនិងថាមពលជាដើម ឯកតោភាគីនិយមនិងការពារនិយម បានងើបឡើងវិញ ឱនភាពអភិវឌ្ឍន៍បានកើនឡើងយ៉ាងលេចធ្លោ ហើយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានធ្លាក់ក្នុងសភាពជាប់គាំង។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ ស្ថាប័នអង្គការសហប្រជាជាតិនាពេលថ្មីៗ កន្លងទៅនេះបង្ហាញឱ្យឃើញថា នៅឆ្នាំ ២០២៣ ប្រជាជនប្រហែល ៧៣៣ លាននាក់លើទូទាំងពិភពលោកកំពុងប្រឈមនឹងបញ្ហាអត់ឃ្លាន គិតជាមធ្យម ក្នុងចំណោមប្រជាជនចំនួន ១១ នាក់ ក៏មានម្នាក់ហូបចុកមិនបានគ្រប់គ្រាន់ដែរ ។ តើត្រូវធ្វើយ៉ាងដូចម្តេច ទើបអាចបម្រះខ្លួនចេញពីភាពក្រីក្រ ? ក្នុងវិស័យនេះ រឿងរ៉ាវរបស់ចិនស្តីពីការធ្វើឱ្យប្រជាជនក្រីក្រចំនួន ៨០០ លាននាក់ចេញផុតពីភាពក្រីក្រទាំងស្រុង បានចាក់ឫសយ៉ាងជ្រៅ ក្នុងក្រអៅដួងចិត្តរបស់ប្រជាជន ។ វាមិនត្រឹមតែបានជំរុញយ៉ាងខ្លាំង នូវកិច្ចការកាត់បន្ថយភាពក្រីក្រសកលប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់យ៉ាងខ្លាំងក្លា នូវជំនឿចិត្តរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ផងដែរ។
ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូនៃថ្នាក់ដឹកនាំប្រទេស G20 ដែលបានប្រារព្ធធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចិនបានប្រកាសប្រតិបតិ្តការ ៨ ចំណុចដើម្បីគាំទ្រការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងការពួតដៃគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការ ជាក់ស្តែងលើគ្រប់វិស័យ ដូចជា ការកាត់បន្ថយភាពក្រីក្រី សន្តិសុខស្បៀងនិងសេដ្ឋកិច្ចឌីជីថលជាដើម គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើកទូលាយ ដោយឯកតោភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច វាមានខ្លឹមសារលម្អិតនិងជាក់ស្តែង។ ប្រការទាំងនេះបានបង្ហាញ យ៉ាងពេញលេញថា កិច្ចការដែលប្រទេសចិនបាននិងកំពុងធ្វើ គឺ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានា ដើម្បីធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ ក៏ដូចជាធ្វើឱ្យចក្ខុវិស័យដ៏ល្អបវរ ក្លាយទៅជាការពិតជាក់ស្តែង។
ការអភិវឌ្ឍទាំងអស់គ្នាទើបជាការអភិវឌ្ឍពិតប្រាកដ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ ការតម្កល់ទុកការអភិវឌ្ឍជាចម្បង ក្នុងរបៀបវារៈសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ ៤ ចំណុចដែលបានគ្របដណ្តប់លើ វិស័យដូចជា ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិ និងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម ។ ប្រការនេះបានបង្ហាញពីគោលជំហរ និងគំនិតផ្តួចផ្តើមជាប់រហូតរបស់ចិន ពិភពលោកដែលមានវិបុលភាពនិងស្ថិរភាពមួយ មិនអាចបង្កើតឡើងលើមូលដ្ឋានអ្នកក្រកាន់ តែក្រនិងអ្នកមានកាន់តែមានបានឡើយ បណ្តាប្រទេសនានាគួរជំរុញការអភិវឌ្ឍសកលដែលមានភាពកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់។
ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាតពីការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ។ ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូលើកនេះ ប្រទេសចិនបានលើកឡើង គំនិតផ្តួចផ្តើមជាក់ស្តែង ស្ដីពីអភិបាលកិច្ចលើវិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងបរិស្ថានអេកូឡូស៊ីជាដើម ដោយសង្កត់ធ្ងន់លើការកសាងសេដ្ឋកិច្ចសកល បែបសហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងមិនបំផ្លាញដល់បរិស្ថានអេកូឡូស៊ី ។ ប្រការទាំងនេះបានគ្រោងផែនការយ៉ាងលម្អិត អំពីការធ្វើឱ្យមានសុក្រឹតភាព នូវអភិបាលកិច្ចសកល។
ជានិច្ចកាល ប្រទេសចិនតែងតែជាដៃគូសហប្រតិបត្តិការ រយៈពេលយូរដ៏គួរឱ្យទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ជាអ្នកប្រតិបតិ្តជាក់ស្តែងក្នុង ការគាំទ្របុព្វហេតុអភិវឌ្ឍន៍សកល ផងដែរ។ នៅយប់ថ្ងៃទី ១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ នៅក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ បានអញ្ជីញចូលរួមពិធីដាក់ ឱ្យប្រើប្រាស់កំពង់ផែ Chancay តាមប្រព័ន្ធវីដេអូ។
ច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក និងសមុទ្រនេះបានកាត់បន្ថយពេលវេលាដឹកជញ្ជូន តាមផ្លូវសមុទ្រពីប៉េរូដល់ចិន មកនៅត្រឹម ២៣ ថ្ងៃដែលសន្សំសំចៃថ្លៃដើម ដឹកជញ្ជូនទំនិញលើសពី ២០ ភាគរយ ហើយនឹងនាំមកនូវប្រាក់ចំណូល ៤ពាន់៥រយលានដុល្លារអាមេរិក ដល់ប្រទេសប៉េរូជារៀងរាល់ឆ្នាំ ព្រមទាំងបង្កើតឱកាសការងារដោយផ្ទាល់ចំនួនជាង ៨ ពាន់មុខតំណែង ។ ក្រៅពីនេះកំពង់ផែ Chancay បានតភ្ជាប់ជាមួយនឹងផ្លូវ Pan-Americanនិងអាចទៅដល់ក្រុងលីម៉ាតែម្តង តាមរយៈផ្លូវក្នុងរូងភ្នំដែលបានគ្របដណ្តប់ប្រទេសប៉េរូ និងបណ្ដាប្រទេសអាមេរិកឡាទីន យ៉ាងទូលំទូលាយ ក៏ដូចជាជំរុញការអភិវឌ្ឍទាំងស្រុង និងការកសាងសមាហរណកម្ម នៃតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន។
កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ដែលបានផ្តល់ជាផែនការស្តីពីវិបុលភាពនិងការអភិវឌ្ឍរួម ដែលពោរពេញទៅដោយតម្រិះប្រាជ្ញាបូព៌ា សម្រាប់ពិភពលោក ។ ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមនេះបានបង្កើតរឿងរ៉ាវ ស្តីពីការតភ្ជាប់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏ច្រើនរាប់មិនអស់ដែលធ្វើឱ្យពិភពលោក ទទួលអារម្មណ៍យ៉ាងប្រាកដប្រជាថា ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលទទួលប្រជាប្រិយភាពបំផុតនិងជា វេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលមានទ្រង់ទ្រាយធំបំផុត ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុបានបង្កើតជាសរសៃឈាមធំ នៃការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីឈានចូល "សម័យផ្លូវដែកល្បឿនលឿន" ផ្លូវដែកចិន-ឡាវ បានជួយប្រទេសឡាវឱ្យសម្រេចបាននូវក្តីសុបិនរបស់ខ្លួន ដែលប្រែក្លាយពី "រដ្ឋដីគោកដែលបិទជិត" ទៅជា "រដ្ឋដីគោកដែលតភ្ជាប់ជាមួយក្រៅប្រទេស" គម្រោងប្រព័ន្ធ PV លើទឹកបានជួយប្រទេសថៃ ឱ្យឈានចូលសង្គមបែបកាបូនទាប បច្ចេកវិទ្យាអំពីការដាំដុះស្មៅ Juncao របស់ប្រទេសចិនបាននាំមកនូវក្តីសង្ឃឹម ជូនដល់កសិករទាំងឡាយ ដែលគ្មានប្រភពចំណូលនៅប្រទេសនិងតំបន់ជាង ១០០ ទូទាំងពិភពលោក ។ល។
បើមើលពី"កំពង់ផែសហប្រតិបត្តិការ" "ផ្លូវមិត្តភាព" និង "ស្មៅសុភមង្គល" នីមួយៗអាចឃើញថា អ្វីដែលយើងឆ្លងកាត់នោះគឺ មិនត្រឹមតែជាគម្លាតពីគ្នាយ៉ាងឆ្ងាយប៉ុណ្ណោះទេ ថែមទាំងក៏ជារបាំងនៃការអភិវឌ្ឍផងដែរ អ្វីដែលរក្សាភាពរលូននោះគឺ មិនត្រឹមតែជាការប្រាស្រ័យទៅមកផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏ជាសរសៃឈាមនៃសេដ្ឋកិច្ចផងដែរ ។
ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា "អ្វីដែលការរួមគ្នាកសាង 'ខ្សែក្រវាត់និងផ្លូវ' ផ្តោតសំខាន់នោះគឺ មនុស្សគ្រប់គ្នារើសឧស អណ្តាតភ្លើងនឹងកើនឡើង ហើយការជួយយកអាសាគ្នាទៅវិញទៅមក ទើបអាចដើរបានឆ្ងាយ អ្វីដែលគោរពនោះគឺ នាំឱ្យខ្លួនឯងមានជីវភាពរស់នៅដ៏ល្អប្រសើរ ហើយក៏នាំឱ្យអ្នកដទៃទៀត មានជីវភាពរស់នៅ ដ៏ល្អប្រសើរដែរ អ្វីដែលអនុវត្តជាក់ស្តែងនោះគឺ ការតភ្ជាប់គ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក អ្វីដែលស្វែងរកនោះគឺ ការអភិវឌ្ឍរួមនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ" ។
ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ នូវការឆ្ពោះទៅរកផ្លូវអភិវឌ្ឍន៍ដែល "ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ការសម្រេចភាពសម្បូរសប្បាយ រួមរបស់មនុស្សគ្រប់គ្នា ទើបជាភាពសម្បូរសប្បាយដ៏ពិតប្រាកដ" ។ ដោយប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស គិតគូរដល់ស្ថានការណ៍ទូទៅ នៃយុទ្ធសាស្រ្តស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ប្រទេសចិននឹងពួតដៃគ្នាជាមួយបណ្តាប្រទេសនានា លើពិភពលោក ដើម្បីបោះជំហានទៅមុខលើផ្លូវដែលឆ្ពោះទៅរក ការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន