(ប៉េកាំង)៖ ក្រសួងការបទេសចិន នៅថ្ងៃចន្ទ ទី៩ ខែធ្នូនេះ បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ នៅក្នុងប្រទេសស៉ីរី ដើម្បីស្តារស្ថិរភាព និងសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីក្រុមឧទ្ទាមផ្តួលរំលំរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនកំពុងតាមដានយ៉ាងដិតដល់ ចំពោះការវិវត្តនៅក្នុងប្រទេសស៉ីរី ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនស៉ីរី។ លោកស្រីគូសបញ្ជាក់ថា «អនាគត និងជោគវាសនាស៉ីរី គួរតែត្រូវបានសម្រេចដោយប្រជាជនស៉ីរីផ្ទាល់ ហើយយើងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងស្វែងរកដំណោះស្រាយនយោបាយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្រុមឧទ្ទាមនៅស៉ីរី បានប្រកាសតាមទូរទស្សន៍រដ្ឋ ថាពួកគេបានបញ្ចប់របបគ្រប់គ្រង ៥០ឆ្នាំនៃគ្រួសារ Assad នៅក្នុងការវាយលុកដ៏លឿនគួរឱ្យភ្ញាក់ផ្អើល ដោយបង្កឱ្យមានការភ័យខ្លាចពីអស្ថិរភាពថ្មីទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងជួបប្រទះនឹងសង្រ្គាមរួចទៅហើយ៕